អធិការរងខណ្ឌដង្កោ និងមន្ដ្រីនគរបាល២រូប ត្រូវហៅមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំវិធានការពីថ្នាក់លើ ពាក់ព័ន្ធបណ្ដឹងរបស់មន្ដ្រី ACU

(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់ម្នាក់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះថា ​ពាក់ព័ន្ធបណ្ដឹងរបស់មន្ដ្រីជាប់កិច្ចសន្យានៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នោះ អធិការរងខណ្ឌដង្កោម្នាក់ និងមន្ដ្រីនគរបាល២រូប មានទាំងជំនាញចរាចរណ៍ទៀតនោះ ត្រូវបានហៅមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ការហៅអធិការរង និងមន្ដ្រីនគរបាលមកសួរនាំនេះ តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ម្ល៉េះ ប៉ុន្ដែរហូតមកដល់ពេលនេះមិនមានចំណាត់ការណាមួយនោះឡើយ ដោយរង់ចាំការសម្រេចពី​​លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

គួរជម្រាបថា មន្ត្រីកិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ​ម្នាក់ បានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ដោយចោទប្រកាន់ទៅលើ មន្រ្តីនគរបាលខណ្ឌដង្កោមួយក្រុម ដឹកនាំដោយអធិការរងម្នាក់​ថា បានតាមប្រើហិង្សាព្រួតវាយយ៉ាងខ្លាំងលើរូបគាត់ ដោយសារតែការច្រឡំករណីគ្រោះថ្នាក់ចរាចរណ៍។

ប៉ុន្ដែយ៉ាងណាក៏ដោយ មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីនេះត្រូវបានបែងចែកជា២ផ្សេងគ្នា ដោយមួយពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ដែលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហៅនគរបាល៣រូប មកសួរនាំ និងកំពុងតែបើកការស៊ើបអង្កេត។

ដោយឡែក មួយករណីទៀត ពាក់ព័ន្ធនឹងបទល្មើសចរាចរណ៍ ដោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងតែស្រាវជ្រាវ ដោយសំអាងថា ក្នុងហេតុការណ៍នេះមន្ដ្រីជាប់កិច្ចសន្យារបស់ ACU បានបង្កគ្រោះថ្នាក់ចរាចរណ៍ និងមានជាតិអាកុល​ហួសកម្រិតកំណត់ ដែលនាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ​​។​

យោងតាមពាក្យបណ្តឹងរបស់លោក ឃឹម ខុម អាយុ៦៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែករទាំង សង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមន្ត្រីកិច្ចសន្យានៃ អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យឹដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

នៅក្នុងពាក្យបណ្តឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ជនរងគ្រោះបានចោទទៅលើមន្រ្តីនគរបាលចំនួន៥នាក់ ក្នុងនោះអធិការរងម្នាក់មានឈ្មោះ នាក់ ណារ៉ូ និងមន្រ្តីនគរបាលប៉ុស្តិ៍ដង្កោ ៤រូបផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ Freshnews