TOP NEWS: ស្ថានទូតមហាអំណាចចិន ឆ្លើយតបធ្ងន់ៗទៅកាន់អាមេរិក៖ តើសហរដ្ឋអាមេរិកបានជួយធ្វើអ្វីខ្លះដល់កម្ពុជា?

(ភ្នំពេញ)៖ នៅទីបំផុតស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានប្រកាសឆ្លើយតបធ្ងន់ៗទៅកាន់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញវិញដោយបានអះអាងថា សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាអុជអាល សារជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាឱនភាពពាណិជ្ជកម្ម ព្រមទាំងលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន មិនមែនត្រឹមតែដើម្បី ពាណិជ្ជកម្មនោះឡើយ ចិនបានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនដល់កម្ពុជា ក្នុងនោះកសាងផ្លូវ Highways ចំនួន៣១ខ្សែ និងស្ពានចំនួន៨ ដែលមានប្រវែងសរុបជាង៣០០០គីឡូម៉ែត្រ និងស្ថានីយវារី អគ្គិសនីជាច្រើនទៀត។

លើសពីនោះទៅទៀត ស្ថានទូតមហាអំណាចចិនបានអះអាងបន្ថែមថា ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈ Facebook នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះបានឆ្លើយតបទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
«មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀត ជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម។ វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភពនៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរ ហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូលនូវ វត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌ យ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។

នៅក្នុងករណីនេះ វាគឺជាភាពសកម្មបំផុតរបស់កម្មករខ្មែរ ដែលបម្រើក្នុងវិស័យឧស្សាហកម្ម។ ក្រៅពីនេះទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្មនោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវ Highways ចំនួន៣១ខ្សែ (៧ខ្សែកំពុងសាងសង់) និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ៣,០០០គីឡូម៉ែត្រ។ ចុះតើសហរដ្ឋអាមេរិកវិញធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជាសម្រាប់វិសយ័មួយនេះ? ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះដែរ?»

សូមជំរាបថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងជាថ្មី ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ ក្នុងទំនាក់ទំនងនេះអាមេរិកបានអះអាងថា អ្នកដែលចំណេញខ្លាំងបំផុត ចំពោះភាពជាដៃគូពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ គឺប្រទេសចិន ចំណែកឯកម្ពុជាចំណេញតិចតួចប៉ុណ្ណោះ។

ស្ថានទូតអាមេរិក បានបញ្ជាក់នៅលើ Facebook របស់ខ្លួន ដោយធ្វើការប្រៀបធៀបយ៉ាងដូច្នេះថា៖ «ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ»។

ស្ថានទូតអាមេរិក បានបន្តទៀតថា៖ «នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»។

ការចេញសារវាយប្រហារបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចំពោះទំនាក់ទំនងកម្ពុជា-ចិន បានធ្វើឡើងបន្ទាប់ពីមហាយក្សចិន និងកម្ពុជា បានពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដែលមេដឹកនាំប្រទេសទាំងពីរបានចាត់ទុកថា កម្ពុជា-ចិនពេលនេះ បានឈានដល់ភាពជាមិត្តដែកថែប។

នេះគឺជាសារវាយប្រហារលើកទី២ហើយ របស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ដែលបានវាយប្រហារលើចិន ក្នុងឆ្នាំ២០១៩នេះ។ កាលពីចុងខែមករា ឆ្នាំ២០១៩ កន្លងទៅ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធនៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ ប៉ុន្តែមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ឆ្លើយតបនឹងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ ស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បានលើកឡើងវិញថា រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើង សង្រ្កាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មានទាក់ទងនឹង CIA៕ ផ្តល់សិទ្ធិដោយ៖ Freshnews