សន្ដិសុខសាលាខណ្ឌពោធិ៍សែនជ័យ និងជាអង្គរក្សអភិបាលខណ្ឌ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ សន្ដិសុខសាលាខណ្ឌពោធិ៍សែនជ័យ និងជាអង្គរក្សអភិបាលខណ្ឌផងដែរនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត ដោយសារជិះម៉ូតូបុកបង្គោលភ្លើង នាវេលាទាបភ្លឺថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងត្បូង បុរីវិមានភ្នំពេញ ប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពបុរសរងគ្រោះដែលត្រូវបានគេស្គាល់ ថាមានមុខរបរជាអង្គរក្សលោក អភិបាលខណ្ឌពោធិសែនជ័យ មានឈ្មោះ ពុធ សុជាតិ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788។

តាមប្រភពនៃការស្រាវជ្រាវរបស់នគរបាលមូលដ្ឋាន បានបញ្ជាក់ថា បុរសរងគ្រោះ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងត្បូង បុរីវិមានភ្នំពេញចម្ងាយប្រមាណជា១០០ម៉ែត្រ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ចំកណ្តាលទ្រូងផ្លូវ និងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកបែក ក្បាល ស្លាប់ក្នុងថ្លុមឈាមយ៉ាងអាណោចអាធម៌។

គួរជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ ក៏មានគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតកើតឡើងដែរ និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ដូចគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះ ឈ្មោះ ខន ចំរើន មានស្រុកកំណើតនៅភូមិថ្កូវ ឃុំត្រាប់ ស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូ១គ្រឿង ម៉ាក Duke ពាក់ស្លាកលេខភ្នំពេញ1FS-3353 បានបុកជាមួយរថយន្ដ១គ្រឿង ដែលមិនស្គាល់ម៉ាក ប៉ុន្តែលោកអធិការរងខណ្ឌជ្រោយចង្វារ រស់ ខេមរិន បែរជាឆ្លើយតបថាមិនដឹងរឿងហេតុទៅវិញ?។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដើម្បីធ្វើការស្រាវជ្រាវភ្លាមៗ និងធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះ ទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ផ្តល់សិទ្ធិដោយ៖ Freshnews