ឥទ្ធិពលស្រា និងភ្លើងប្រចណ្ឌ! បុរសម្នាក់កាប់សម្លាប់ប្រពន្ធ និងកូនប្រុសបង្កើត រងរបួសធ្ងន់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ បុរសម្នាក់បានលើកដៃកាប់ប្រហារសម្លាប់ប្រពន្ធ និងកូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដោយសារតែឥទ្ធិពល នៃសុរា និងភ្លើងប្រចណ្ឌគ្រប់គ្រងលើខ្លួនប្រាណ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយជនល្មើស ឈ្មោះ តូច ញ៉ន អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានយកពូថៅកាប់ទៅលើជនរងបណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ មូលហេតុស្រវឹងស្រា និងមានការប្រចណ្ឌប្រពន្ធ។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង២នាក់រួមមាន ទី១៖ឈ្មោះ សូ ធី អាយុ៤៦ឆ្នាំ ជាប្រពន្ធ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងទី២៖ឈ្មោះ ញិប សុគន្ធ អាយុ០៩ឆ្នាំ រងរបួសធ្ងន់។ យ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕

ផ្តល់សិទ្ធិដោយ៖ Freshnews