ជនសង្ស័យ២៤នាក់ហើយត្រូវចាប់ខ្លួន ក្រោយករណីផ្ទុះគ្រាប់បែកស្លាប់២៩០នាក់ និងជាង៥០០នាក់រងរបួសនៅស្រីលង្កា (Photo inside)

(កូឡុំបូ)៖ អាជ្ញាធរស្រីលង្កាបានឲ្យដឹងថា មកទល់នឹងព្រឹកថ្ងៃចន្ទនេះជនសង្ស័យ ២៤នាក់ហើយត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងកាលពី ថ្ងៃអាទិត្យមិ្សលមិញ ដែលបានផ្តាច់ជីវិតមនុស្ស ២៩០នាក់ និងជាង ៥០០នាក់ទៀតរងរបួស ខណៈដែលជន ឬក្រុមណាមួយដែលស្ថិតនៅពីក្រោយអំពើភេរវកម្មនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

កាលពីវេលាម៉ោង ០៨៖៤៥នាទីព្រឹក ថ្ងៃអាទិត្យចំថ្ងៃបុណ្យគ្រិស្តសាសនា Easter Sunday ហេតុការណ៍ផ្ទុះគ្រាប់បែកបានកើតមានឡើងនៅវិហារ Anthony’s Shrine ព្រមទាំង សណ្ឋាគារចំនួនបីរួមមាន ស៊ីនណាម៉ុនហ្គ្រេនដ៍ (Cinnamon Grand), សាំងគ្រីឡា (Shangri-La Hotel), និង ឃីងប៊ឺរី (The Kingsbury) នៅឯរដ្ឋធានី កូឡុំបូ (Colombo)។

ក្នុងពេលទន្ទឹមគ្នានេះ គ្រាប់បែកក៏បានផ្ទុះនៅវិហារ សេបាស្ទាន (St. Sebastian’s Church) ក្នុងក្រុង ណេហ្គមបូ (Negombo) ដែលមានចម្ងាយ ៣៥គីឡូម៉ែត្រភាគខាងជើងពីរដ្ឋធានី Colombo និងនៅវិហារហ្ស៊ីយ៉ូន (Zion Church) ក្នុងក្រុងបាត់ធីខាឡាវ (Batticaloa) ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រពី Colombo នៅឯឆ្នេរភាគខាងកើតប្រទេស ស្រីលង្កាផងដែរ។

គួរជម្រាបថា ក្រៅពីករណីផ្ទុះទាំង ០៦លើកនេះការផ្ទុះគ្រាប់បែក ០២លើកទៀតក៏បានកើតមានឡើងថែមទៀត នៅអំឡុងរសៀលថ្ងៃដដែល ដោយក្នុងនោះគឺនៅសណ្ឋាគារមួយកន្លែងទៀតក្នុងទីក្រុង ឌេហ៊ីវ៉ាឡាឡាវីនផ (Dehiwala-Mount Lavinia) ភាគខាងត្បូងទីក្រុង Colombo ព្រមទាំង នៅលំនៅឋានឯកជនមួយកន្លែងក្នុងតំបន់ ដាម៉ាតាហ្គោដា (Damatagoda) នៃរដ្ឋធានី Colombo ចំពេលប៉ូលិសបើកប្រតិបត្តិការចុះឆែកឆេរ ទាក់ទងនឹងការផ្ទុះកាលពីពេលព្រឹក ដែលជាលទ្ធផលបានបណ្តាលឲ្យមន្រ្តីប៉ូលិស ០៣នាក់បាត់បង់ជីវិត៕ ផ្តល់សិទ្ធិដោយ៖ Freshnews