នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ចាត់ទុកស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និងថៃ សម្រាប់ប្រយោជន៍អាស៊ាន

(កម្ពុជា-ថៃ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជាសហអធីបតី ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។

ស្ពាននេះត្រូវបានសាងសង់ដោយ កងវិស្វកម្មនៃកងទ័ពថៃ ហើយសិក្សានិងត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃប្រមាណ៦៧០លានបាត (ស្មើនឹងប្រមាណជាង១៩លានដុល្លារ) ដោយរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ណមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានឆ្លងកាត់ព្រំដែន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បីភ្ជាប់ប៉ុស្តិ៍ព្រំដែននៃប្រទេសទាំង២ កម្ពុជា-ថៃ។ សម្តេចបានអរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ក្នុងការរួមចំណែកកសាង និងស្តារ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាក្នុងនាមជាប្រទេសជិតខាង និងនៅក្នុងសហគមន៍អាស៊ានដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការសាងសង់ស្ថាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី រវាងប្រទេសយើងទាំងពីរ សំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ហើយដែលប្រទេសយើងទាំង២ បានប្រសិទ្ធនាមឈ្មោះស្ថាននេះថាជា ស្ថានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ ស្ថាននេះ ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និង ប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើងទាំងពីរ»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) ដែលបានសាងសង់នាពេលនេះ ពិតជាបានជួយសម្រួល ដល់ការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅពេលដែលច្រកព្រំដែន បោយប៉ែត–អារញ្ញប្រាថេត មានការឆ្លងកាត់ទំនិញ និងទេសចរកាន់តែមមាញឹកយ៉ាងខ្លាំង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ការសាងសង់ស្ថាននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និងប្រជាជនថៃ និងបានផ្តល់ភាពងាយស្រួលដល់ប្រជាជន ក្នុងប្រទេសមហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក-ភ្នំពេញ និងក្រុងហូជីមិញ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានកំណត់ផ្លូវពីបាងកក-បោយប៉ែត- ភ្នំពេញ-ហូជីមិញ ជាផ្លូវអាស៊ានហាយវេលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជពានទំនិញចេញចូលមានភាពងាយស្រួល។ ម៉្យាងវិញទៀត ស្ថាននេះ នឹងទុកសម្រាប់តែការដឹកជញ្ចូនទំនិញចេញចូល ចំណែកឯច្រកព្រំដែនបៅយប៉ែត- អារញ្ញប្រថេត ទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ»។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានចាត់ទុកស្ពានឆ្លងកាត់ព្រំដែនថៃ-កម្ពុជាមួយនេះ ជាស្ពានតភ្ជាប់ប្រទេសទាំងពីរដំបូងគេ ហើយស្ពាននេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងគ្មានទំនាក់ទំនងដ៏ជិតស្និតជាយូរអង្វែងមកហើយ។

លោក ប្រាយុទ្ធ ចាន់អូចា សង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរ នឹងរួមសហការគ្នាធ្វើឱ្យស្ពាននេះបើកដំណើរការបានទាំងស្រុងក្នុងពេលឆាប់ៗនេះ ហើយលោកក៏បានជំរុញឱ្យស្ថាប័ន ដែលទទួលខុសត្រូវចាប់ផ្តើមដំណើរការសាងសង់ អគាររដ្ឋបាលព្រំដែនទីពីរនៅទីនេះ ឱ្យបានលឿនបំផុត ដោយធ្វើឱ្យរួចរាល់ស្របជាមួយនឹងការធ្វើផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជា។

លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា «ក្នុងកំឡុងពេលដែលការសាងសង់អគាររដ្ឋបាលព្រំដែនខាងភាគីថៃ និងការធ្វើផ្លូវតភ្ជាប់ស្ពានខាងភាគីកម្ពុជាមិនទាន់រួចរាល់ រាជរដ្ឋាភិបាលថៃមានការប្តេជ្ញា នឹងត្រៀមរួចរាល់ក្នុងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ធ្វើយ៉ាងណាសម្រេចឱ្យបានលឿន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងសហគមន៍អាស៊ាន ដូចជាការរៀបចំកិច្ចព្រមព្រៀងពាក់ព័ន្ធផ្លូវច្បាប់ក្នុងការឆ្លងដែនតាមស្ពាននេះ ឱ្យបានចប់សព្វគ្រប់ទាន់ពេល ដើម្បីបើកបំរើសេវាដល់ប្រជាជន ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅខាងមុខច្រកព្រំដែនខ្លងលឹកបច្ចុប្បន្ន និងបើកច្រកដឹកជញ្ជូនទំនិញឆ្លងដែនថ្ឱ្យមានភាពងាយស្រួលជាងមុន»។

លោកនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ទៀតថា ស្ពានស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)នេះ ថែមទាំងជានិមិត្តរូបនៃភាពជោគជ័យ នៃការអនុវត្តន៍ការងាររួមគ្នារវាងមន្ត្រីទាំងពីរភាគី ហើយនិងបន្តភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជនថៃ និងប្រជាជនកម្ពុជា។ ស្ពានថ្មីនេះ នឹងជំរុញការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀត ដូចជាវិស័យសេដ្ឋកិច្ច គមនាគម (ការតភ្ជាប់) សង្គម និងវប្បធម៍ អប់រំ កសិកម្ម និងទេសចរណ៍ ឲ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ និងភាពរីកចម្រើនព្រមគ្នា។

លោក ប្រាយុទ្ធ ចាន់អូចា ក៏បានចាត់ទុកថា ស្ពានមិត្តភាពថៃ-កម្ពុជា ជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ ជាកាដូដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ តាំងចិត្តផ្តល់ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ រួមទាំងសហគមអាស៊ាន បានប្រើប្រាស់ជាប្រយោជន៍ក្នុងការភ្ជាប់ទំនាក់ទំនងគ្នា នៃគ្រប់ផ្នែកទាំងអស់ ពិសេសជាមោទនភាពដែលស្ពាន និងផ្លូវបានចាប់ផ្តើម និងសាងសង់រួចរាល់ក្នុងអាណត្តិរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន និងរបស់លោកផងដែរ។

លោកនាយករដ្ឋមន្ត្រីថៃ បានអះអាងថា គោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលថៃជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងមានជាបន្តបន្ទាប់ ដោយភាពស្មោះត្រង់ ជិតស្និទ្ធ និងគង់វង្សជារៀងរហូត ហើយនៅឆ្នាំក្រោយជាខួបលើកទី៧០ នៃទំនាក់ទំនងខាងការទូតរវាងថៃ និងកម្ពុជា ដែលអាចនឹងចំពេលគ្នាជាមួយនឹងវិវត្តនភាពនៃការកសាង និងការបើកច្រកថ្មីនេះ។

ស្ពានមិត្តភាពកម្ពុជា-ថៃនេះ ជាស្ថានធំទី១ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១ ស្ពានមានប្រវែង៦២ម៉ែត្រ ទទឹង១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកថៃមានប្រវែង៤០៥ ម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ Freshnews