នាយ តាក់ស៊ី បកស្រាយ​រាល់​រឿងរ៉ាវ​នានា ដែល​តម្រូវ​ឱ្យ​លោក​សម្រេច​ចិត្ត​ទៅ​បួស​ជា​ព្រះសង្ឃ នៅ​ពេល​ដ៏ខ្លី​ខាងមុខនេះ!

(ភ្នំពេញ)៖ ថ្មីៗនេះមហាជន និងអ្នកនិយមតាមដានទស្សនារឿងកំប្លែងរបស់ក្រុមលោកតា វ៉ីចទ័រ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើ​សមាជិកមួយរូបក្នុងក្រុមគឺ នាយ តាក់ស៊ី ក្រោយទទួលដំណឹងថា តារាកំប្លែងរូបនេះប្រកាសឈប់ពីសិល្បៈ និងងាកទៅរកព្រះធម៌ ដោយការទៅបួសជាព្រះសង្ឃវិញម្តង។ ដំណឹងនេះ មិនត្រឹមតែធ្វើឱ្យមហាជនគិតថា នាយ តាក់ស៊ី អស់សង្ឃឹម​នឹងការព្យាបាលជំងឺទឹកនោមផ្អែមនោះទេ ថែមទាំងខ្លះទៀតបានគិតថា ប្រហែលជាលោកមានបញ្ហាផ្ទៃក្នុង ក្នុងក្រុមគ្រួសារថែមទៀត។ យ៉ាងណាមិញ នាយ តាក់ស៊ី ផ្ទាល់បានឱ្យដឹងថា មិនមែនបញ្ហាអ្វីនោះទេ បើនិយាយឱ្យចំ គឺឧបនិស្ស័យតម្រូវឱ្យលោកដើររកព្រះធម៌តែម្តង។

នាយ តាក់ស៊ី ផ្ទាល់បានថ្លែងប្រាប់តាមរយៈទូរស័ព្ទយ៉ាងដូច្នេះថា ទាក់ទងនឹងដំណឹងដែរថាលោក ទៅបួសធ្វើជាព្រះសង្ឃនេះ គឺពិតប្រាកដមែន ដោយលោកនឹងសម្រេចចិត្ត និងកំណត់ពេលវេលាច្បាស់លាស់ទៅបួស នៅពាក់កណ្តាលខែឧសភាខាងមុខ។ តាមរយៈនេះ នាយតាក់ស៊ី ថានេះ​គឺជាកម្មរបស់សត្វលោក ខណៈលោកប្រកាន់នូវជំហរថា ប្រសិនបើព្យាបាលជំងឺ គឺមើលមិនឃើញទេ បានន័យថា​ជំងឺទឹកនោមផ្អែមមើលមិនជាសះស្បើយឡើយ ជាហេតុធ្វើឱ្យលោកសម្រេចថា ការទៅរកព្រះធម៌ គឺជារឿងដ៏ល្អបំផុត ដើម្បីសន្សំបុណ្យកុសល​។ អ្វីដែលសំខាន់នោះ គឺដល់និស្ស័យដែលលោកត្រូវតែទៅ ដោយគ្មានការគិតគូរវែងឆ្ងាយតែម្តង។

នាយ តាក់ស៊ី បន្តថាកាលពីកន្លងទៅ លោកធ្លាប់បួសនៅភ្នំគូលែនម្តងហើយ តែមិនបានសម្រេច ដូច្នេះក៏ពេលនេះសម្រេចចិត្តច្បាស់ថា ពាក់កណ្តាលខែឧសភានៅទៅបួសតែម្តង ដោយសុំកូនប្រពន្ធ និងក្រុមគ្រួសាររួចអស់ហើយ។ លោកថា ដោយសារឧបនិស្ស័យតម្រូវឱ្យត្រូវតែទៅបួស ស្វែងរកព្រះធម៌ ដូច្នេះមិនអាចនៅទៀតបានទេ ទោះបីជាមានខាងបណ្តាសប្បុរសជននានា មានទឹកចិត្តជួយចេញថ្លៃព្យាបាលជំងឺឱ្យលោកក៏ដោយ។

និយាយដល់ចំណុចនេះ នាយ តាក់ស៊ី សង្កត់ធ្ងន់ថា ដំបូងឡើយកាលដែលលោកសុំភរិយាទៅបួស នាងមិនយល់ព្រមទេ​ បើនិយាយឱ្យចំទាំងក្រុមគ្រួសារកូនៗ សុទ្ធសឹងតែអង្វរកុំឱ្យលោកគិតខ្លី តាមរយៈការទៅបួសបែបនេះ ព្រោះតែអាណិតលោក ណាមួយក្រុមគ្រួសារពិបាកកាត់ចិត្ត ប៉ុន្តែដោយសារភរិយាឃាត់លែងជាប់ និងដោយសារការលើកហេតុច្រើនពីលោកផង ថាជានិស្ស័យតម្រូវឱ្យលោកត្រូវតែទៅបួសឱ្យខានតែបានផងនោះ ទើបគ្រប់គ្នាយល់ព្រមតែម្តង។ លោកអះអាងថា បើមានឧបនិស្ស័យហើយបើមិនបានទៅបួស គឺនៅមិនសុខនោះទេ។

ងាកមកភរិយា គឺអ្នកនាង ភីម វិញ កាលដែលស្វាមីសម្រេចចិត្តដូច្នេះ បានធ្វើឱ្យនាងមានការព្រួយបារម្ភ និងមានទុកកង្វល់ជាខ្លាំង ដោយសារតែឃាត់ស្វាមីមិនឈ្នះ ហើយបច្ចុប្បន្ននាង និងកូន ថែមទាំងមានសម្ពាធខ្លាំងទៀតផង ព្រោះតែស្វាមីចង់នៅឆ្ងាយពីខ្លួន មិនតែប៉ុណ្ណោះថែមទាំងឱ្យនាងទៅរកប្តីថ្មី ដែលគេស្រឡាញ់នាង និងអាចមើលថែមរក្សាកូនបាន ខណៈចំណុចនេះ កាន់តែធ្វើឱ្យនាង​និយាយមិនចេញ អួលដើមករ និងគិតអ្វីមិនចេញតែម្តង។ ទោះបែបនេះក្តី នាងបានសុំឱ្យស្វាមីទៅបួសនៅវត្តជិតៗ​ស្រួលនាងនិងកូនវ័យ១០ឆ្នាំទៅសួរសុខទុក ដែលត្រូវស្វាមីបដិសេធ ដោយចង់នៅឆ្ងាយស្ងៀមស្ងាត់ បួសដល់ភ្នំគូលែនឯណោះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews