ករណីនគរបាល២នាក់ផឹកស៉ីវាយគ្នា រហូតម្នាក់ចូលដេកពេទ្យ និងម្នាក់ទៀតត្រូវឃាត់ខ្លួន គឺជារឿងយល់ច្រឡំ ព្រោះអ្នកទាំងពីរជាសម្លាញ់នឹងគ្នា

(កណ្តាល)៖ លោក ខៀវ ប៊ុនធឿន នាយរងផ្នែកចរាចរខេត្តកណ្តាលបានប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងថា ករណីវាយតប់គ្នានៅហាងផឹកស៉ីនៅជំនោធម្មជាតិ ពុំមានអ្វីធ្ងន់ធ្ងរនោះទេ ពោលរឿងហេតុបានដោះស្រាយចប់សព្វគ្រប់តាំងពីពេល កើតហេតុភ្លាមៗមកម្ល៉េះ ព្រោះលោក និងជនរងគ្រោះគឺជាមិត្តភក្តិនឹងគ្នា។

លោកបន្តថា ការប្រតាយប្រតប់គ្នានោះ មិនមាននោះឡើយ គឺលោកចូលទៅឃាត់ជនរងគ្រោះ ដើម្បីកុំឲ្យឈ្លោះប្រកែកគ្នាជាមួយមិត្តភក្តិម្នាក់ទៀតតែប៉ុណ្ណោះ ប៉ុន្តែពេលចូលឃាត់នោះ មិនដឹងមកពីអ្វីបង្កឲ្យជនរងគ្រោះ បែរជាមានរបួសស្នាមនោះ។ នេះបើតាមលោក ខៀវ ប៊ុនធឿន បានប្រាប់អ្នកយកព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។

លោក ខៀវ ប៊ុនធឿន បានឲ្យបន្ថែមថា រឿងនេះវាអត់មានអ្វីទាក់ទងជាមួយលោកទេ ប៉ុន្តែដោយមិត្តលោកបានជជែកគ្នាជាមួយមិត្តភក្តិម្នាក់ទៀត នៅក្នុងវង់ហូបចុកជុំគ្នានោះ។ ដោយខ្លាចកើតជាហិង្សាដាក់គ្នា លោកក៏ចូលទៅឃាត់ភាគីទាំងពីរ។ លុះពេលចូលទៅឃាត់នោះមិនដឹងហេតុទេ បែរជាមិត្តភក្តិរបស់លោក ត្រូវជាជនរងគ្រោះស្រាប់តែមានរបួសស្នាមទៅវិញ លុះក្រោយមកបញ្ចប់គ្នាទាំងយប់ មិនអ្វីកើតឡើងនោះឡើយ។

លោកបានបញ្ជាក់ថា មុនពេលកើតហេតុរូបលោក និងមិត្តភក្តិត្រូវជាជនរងគ្រោះ រួមនឹងមិត្តភក្តិ៦នាក់ទៀត បានស្រុះស្រួលគំនិត្យគ្នាទៅហូបចុកបន្តិចបន្តួច និងដើម្បីជជែកគ្នាលេង។ លុះពេលផឹកស៉ីបានបន្តិច ស្រាប់មិត្តភក្តិលោក និងមិត្តភក្តិផ្សេងទៀត កើតជាទំនាស់ពាក្យសម្តី បម្រុងវាយតប់គ្នាទើបលោកចូលទៅឃាត់តែម្តងទៅ។

លោក ខៀវ ប៊ុន ធឿន អះអាងថា ពេលចូលចាប់អ្នកនេះអ្នកនោះមិនដឹងថា អ្វីជាអ្វីទេពេលនោះ។ លុះក្រោយកើតហេតុបានសម្របសម្រួលគ្នាបញ្ចប់ភ្លាមៗ ពុំមានការប្តឹងផ្តល់ ឬក៏មានការឃាត់អ្នកណាឡើយ ចំណែកមិត្តភក្តិលោក ក៏ទៅព្យាបាលរបួសតែម្តងទៅ។

សូមបញ្ជាក់ថា ដោយសារការផឹកស៉ីក្លែមសម្តី បញ្ចើចគ្នាក្នុងការផឹកស៉ីតិចច្រើន រហូតមន្ត្រីនគរបាលក្រុងតាខ្មៅម្នាក់ និងនាយរងការិយាលចរាចរណ៍ខេត្តកណ្តាលម្នាក់ ផ្ទុះកំហឹងដាក់គ្នាប្រតាយប្រតប់ បង្កឱ្យភ្ញាក់ផ្អើលដល់ម្ចាស់ហាង និងភ្ញៀវកំពុងសប្បាយក្នុងការផឹកស៉ី ហើយទីបញ្ចប់មន្ត្រីនគរបាលរូបនោះដេកពេទ្យ និងជនបង្កត្រូវបានហៅទៅសាកសួរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងជំនោរធម្មជាតិភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង រិទ្ធី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមានមុខរបរនាយរងប៉ុស្តិ៍តាខ្មៅ។ ចំណែកជនសង្ស័យឈ្មោះ ខៀវ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរនាយរងការិយាល័យចរាចរណ៍ជើងគោក។

មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យរួមជាមួយមិត្តភក្តិចំនួន ៦នាក់ទៀត បានត្រូវរ៉ូវគ្នាទៅផឹកស៉ី នៅក្នុងហាងផឹកស៉ីជំនោរធម្មជាតិ។ លុះផឹក ABC អស់ម្នាក់ប្រហែល១០កំប៉ុង ក៏ស្រាប់តែជនរងគ្រោះ និងមិត្តភក្តិម្នាក់ឈ្មោះ ឆៃ យ៉ា បានទាក់ពាក្យសម្តីគ្នារឿងផឹកតិចផឹកច្រើន។ ពេលនោះមិត្តភក្តិម្នាក់ ក៏បានចាប់ទាញជនរងគ្រោះចេញក្រៅកញ្ចុះ ហើយជនល្មើសក៏បានចេញមកហាមជនរងគ្រោះកុំឱ្យឈ្លោះប្រកែកគ្នា។

ដោយសារអំណាចស្រាចូលខ្លួនស្ពឹកអស់លែងស្តាប់គ្នាបាន ក៏ធ្វើឱ្យស្ថានភាពផ្លូវចិត្តកើតធ្ងន់ៗទៅ រហូតប្រតាយប្រតប់គ្នា បណ្តាលឱ្យជនរងគ្រោះមានរបួសត្រង់លើភ្នែកខាងឆ្វេង និងក្រោមភ្នែកខាងឆ្វេង។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿង៕ ផ្តល់សិទ្ធិដោយ៖ Freshnews