មគ្គុទ្ទេសក៍ទេសចរណ៍ទ្រហោយំស្វែងរកភរិយា ដែលបាត់ខ្លួនទាំងមិនដឹងមូលហេតុ

(ភ្នំពេញ)៖ «បងសូមជួយខ្ញុំផង។ ខ្ញុំបាត់ប្រពន្ធ»។ នេះគឺជាការពោលទាំងអារម្មណ៍ក្តុកក្តួលស្វែងរកការអន្តរាគមន៍ជួយផ្សព្វផ្សាយស្វែងរកភរិយាដែលកំពុងបាត់ខ្លួនពីសំណាក់លោក ហ៊ុល នី មគ្គុទ្ទេសក៍ទេសចរណ៍។ លោក ហ៊ុល នី បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា កាលពីថ្ងៃទី១៩ ខែមេសា រូបលោកបានចេញពីផ្ទះនៅសៀមរាប មករាជធានីភ្នំពេញ ដើម្បីបំពេញការងារ ហើយភរិយារបស់លោកឈ្មោះ កែវ ម៉ៃ អាយុ ២៣ឆ្នាំ និងកូនពីរនាក់ បានជិះរថយន្តឈ្នួលទៅលេងផ្ទះម្តាយនៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

បុរសមគ្គុទ្ទេសក៍ដែលកំពុងបាត់ភរិយាជាទីស្រឡាញ់រូបនេះ បានរៀបរាប់ជាមួយការយំខ្សឹកខ្សួលទៀតថា បន្ទាប់ពីបានមកដល់ផ្ទះម្តាយគាត់ហេីយ គាត់ក៏បានទុកសម្ភារៈផ្សេងៗ និងផ្ញេីកូនទាំងពីរនាក់ជាមួយម្តាយ ដោយប្រាប់ម្តាយថាទៅផ្សារទិញម្ហូប ។ បន្ទាប់ពីទៅផ្សារមិនឃេីញគាត់ត្រលប់មកវិញឡេីយ ហេីយទូរស័ព្ទក៏ហៅមិនចូលទៀត ដែរ។

លោក ហ៊ុល នី បានរៀបរាប់ថា «ចាប់តាំងពីទី១៩ មកទល់ថ្ងៃនេះគឺមានរយៈពេល ៤យប់ ៥ថ្ងៃហេីយ ។ ពួកយេីងបាត់ដំណឹងគាត់រហូតមិនដឹងគាត់កេីតអី ឬក៏ទៅណានោះទេពួកយេីងបារម្មណ៍អំពីសុវត្ថិភាពរបស់គាត់ខ្លាំងណាស់»។

បើតាមការរៀបរាប់របស់លោក ហ៊ុល នី នៅលើខ្លួនភរិយារបស់ខ្លួននៅថ្ងៃបាត់ខ្លួននោះ មានសម្ភារៈនៅជាប់ខ្លួនរួមមាន៖ ខ្សែដៃ ប្លាទីនមួយខ្សែ ចិញ្ចៀនមាសមួយវង់ និងប្លាទីនមួយវង់ ខ្សែកមួយខ្សែរួមទាំងក្រវឹល និងទូរស័ព្ទមួយគ្រឿងផងដែរសរុបជាប្រាក់ជិត ២ពាន់ដុល្លារអាមេរិក។

ដំណឹងពីការបាត់ភរិយានេះ លោក ហ៊ុល នី និងគ្រួសារ បានប្តឹងទៅសមត្ថកិច្ចរួចហើយតែមកដល់ពេលនេះមិនទាន់មានតម្រុយរបស់ភរិយាដែលមានឈ្មោះ កែវ ម៉ៃ នៅឡើយនោះទេ។

លោក ហ៊ុល នី បានអំពាវនាវដល់សាធារណជន ដែលបានប្រទះឃើញភរិយារបស់លោកមានភិនភាគដូចក្នុងរូបថតសូមជួយផ្តល់ដំណឹងដោយក្តីអនុគ្រោះតាមរយៈទូរស័ព្ទលេខ 017 811 666 / 087 811 666៕ ផ្តល់សិទ្ធិដោយ៖ Freshnews