អធិការស្រុកកំពង់សៀម ក្រោយធ្វើទារុណកម្មពលរដ្ឋ យ៉ាងឃោឃៅរួចមកពេលនេះត្រូវបានគេបញ្ឈរជើងចោលហើយ

អធិការស្រុកកំពង់សៀម លោក​ ឯក ប៉ាន់ដន ត្រូវបានស្នងការនគរបាលខេត្តកំពង់ចាម លោក​ឧត្តមសេនីយ៍​ទោ ឯម កុសល សម្រេចបញ្ឈរជើងការងាររបស់លោកហើយ ក្រោយពីលោកធ្វើទារុណកម្មយ៉ាងឃោឃៅលើ​ពល​រដ្ឋ ដោយវាយរហូតទាល់តែសន្លប់បាត់ស្មារតីហើយជះទឹកដើម្បីអោយភ្ញាក់ឡើងវិញ ដែលរឿងនេះផ្តើមចេញពីការបង្ករហិង្សានៅក្នុងកម្មវិធីរាំធុងបាសកាលពីថ្ងៃចូលឆ្នាំខ្មែរកន្លងទៅ។

កាលពីថ្ងៃទី ១៧ ខែមេសា កន្លងទៅនេះ ម្ចាស់គណនី Bun Thern បានសរសេររៀបរាប់លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ខែល​ជ័យ ឃុំ​អូរស្វាយ​ស្រុក កំពង់សៀម​ខេត្ត​កំពង់ចាម សូម​ឯកឧត្ដម​គួច​ចំរើន​អភិបាល​ខេត្ត​កំពង់ចាម ជួយ​រក​យុទ្ធ​ធម៌​ជូន​បង​ប្រុស​ខ្ញុំ​ផង។ ឲ្យ​ពួក​ខ្ញុំ​រស់​នៅ​យ៉ាង​ណា បើ​គ្រាន់​តែ​បង​ប្រុស​របស់​ខ្ញុំ​ប្រកែក​ពាក្យ​សំដី​ជា​មួយ​គ្នា​បន្តិច គាត់​មក​ផ្ទះ​វិញ​ហើយ​មិន​ទាន់​ដល់​ផ្ទះ​ផង ស្រាប់​តែ​លោក​អធិការ​ស្រុក​កំពង់​សៀម​លោក​ឯក​ប៉ាន់ដន មក​ចាប់​បង​ខ្ញុំ​វៃ​ហើយ​បញ្ជូន​មក​ស្រុក​វៃ​ចាក់​ទឹក​សន្លប់​ពីរ​ដង​ហើម​គ្រប់​កន្លែង​ឥឡូវ​ដេក​ពេទ្យ​ហើយ​នៅ ​7D ​ហេតុ​អ្វី​លោក​អធិការ​ស្រុក​កំពង់សៀម​ធ្វើ​បាប​បង​ប្រុស​ខ្ញុំ​ដល់​ថ្នាក់​នេះ»។