មន្ដ្រីយោធាផ្កាយ១ និងប្រពន្ធ ដែលបោកលុយពលរដ្ឋរាប់ម៉ឺនដុល្លារ នៅខេត្តកំពង់ធំ រឿងរត់ការចូលបម្រើការងាររដ្ឋ ត្រូវបញ្ជូនទៅតុលាការយោធា

(ភ្នំពេញ)៖ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ មន្រ្តីយោធាផ្កាយ១ និងស្រ្តីជាប្រពន្ធ ត្រូវបានបញ្ជូនទៅកាន់តុលាការយោធា ដើម្បីចាត់ការបន្តទៀត ពាក់ព័ន្ធបោកលុយពលរដ្ឋរាប់ម៉ឺនដុល្លារ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ រឿងរត់ការចូលបម្រើការងាររដ្ឋ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា «យើងបានបញ្ជូនពួកគេទាំង២នាក់ ទៅកាន់តុលាការយោធាហើយ ដើម្បីចាត់ការបន្តទៀត។ ការបញ្ជូនទៅកាន់តុលាការយោធា ដោយសារពាក់ព័ន្ធនឹង កងទ័ព»។

សូមបញ្ជាក់ថា លោក ឃួន សុវណ្ណ ជាមន្រ្តីយោធាផ្កាយ១ មានតួនាទីជានាយករងអធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស តាមចាប់ខ្លួន ហើយពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូនចៅរបស់ពួកគេ អាចចូលបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។

យោងតាមរបាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី១,៥០០ដុល្លារ រហូតដល់ជាង៦,០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ។

យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារពីរនាក់ប្ដីប្រពន្ធនេះ ក៏ព្រោះតែប្រជាពលរដ្ឋបានស្គាល់ពួកគេ ធ្លាប់បានចុះចែកអំណោយជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ។

តាមព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះនោះ ខ្លះបានលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ មិនទទួលបានលទ្ធផលនោះឡើយ៕

ផ្តល់សិទ្ធិដោយ៖ FreshNews