សម្តីអ្នកនាំពាក្យទីស្តីការគណះរដ្ឋមន្រ្តី៖ កាលសម័យ ប៉ុល ពត ធ្វើការទាំងថ្ងៃក្តៅហែង ហើយគ្មានទាំងភ្លើងប្រើប្រាស់ផងនៅតស៊ូរស់បាន ចុះពេលនេះគ្រាន់តែដាច់ភ្លើងមួយរយៈសោះ ហេតុអ្វីនាំគ្នាស្រែកថ្ងូរ?

បញ្ហាកង្វះអគ្កិសនីពិតជាធ្វើអោយប្រជាពលរដ្ឋហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មាននោះទេ ដែលអ្នកខ្លះទ្រាំមិនបានក៏ចេញមតិរិះគន់ចំៗទៅកាន់ថ្នាក់គ្រប់គ្រងអគ្គិសនីកម្ពុជាទៀតផង។ ជាមួយគ្នានឹងនេះផងដែរ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត សុធា បានចេញសារចោទសួរទៅកាន់ប្រជាពលរដ្ឋថា“កាលសម័យ ប៉ុល ពត ធ្វើការទាំងថ្ងៃក្តៅហែងបាន ចុះគ្រាន់តែដាច់ភ្លើងមួយរយៈសោះ ហេតុអ្វីនាំគ្នាស្រែកថ្ងូរ? សម័យប៉ុល ពត នៅពេលគេបង្ខំឱ្យធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាក រស់នៅមិនបានជុំគ្រួសារ គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហា គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក។ ទោះយ៉ាងណា រាជរដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងដោះស្រាយបញ្ហាភ្លើងអគ្គីសនីដែលនាំឱ្យពលរដ្ឋប្រឈមនឹងការលំបាកខ្លះៗនេះ និងបានសូមការយោគយល់ អភ័យទោសចំពោះបញ្ហាដែលបានកើតឡើង និងសូមបងប្អូនប្រជាពលរដ្ឋអត់ធ្មត់។ បញ្ហាខ្វះខាតភ្លើងនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ។ ជាការពិតដាច់ភ្លើងដូចតែគ្នា មិនថា ផ្ទះប្រជាពលរដ្ឋ ឬរដ្ឋមន្ត្រី ឬក៏ថ្នាក់ដឹកនាំរូបណាទេ ផ្ទះខ្ញុំក៏ដាច់ភ្លើងដែរពេលនេះ!!!”