ក្រោយថៃបាញ់ពលរដ្ឋខ្មែរ, សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋខ្មែរ ៥នាក់ បម្រុងឆ្លងដែនកាប់ឈើក្រញូងខុសច្បាប់ ក្នុងទឹកដីថៃ នៅស្រុកវាលវែង

(ពោធិ៍សាត់)៖ ក្រោយមានករណីទាហានឈុតខ្មៅថៃ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរម្នាក់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ ដែលឆ្លងដែនខុសច្បាប់ ដើម្បីកាប់ឈើក្រញូង នៅទល់មុខច្រកផ្លូវ៥៦ ស្ថិតក្នុងភូមិថាសេន ឃុំឡែមក្លាត ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ថ្មីៗនេះ សមត្ថកិច្ចចម្រុះដែលឈរជើងនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏បានចេញប្រតិបត្តិការបង្ក្រាបបានពលរដ្ឋខ្មែរ ដែលបម្រុងឆ្លងដែន ទៅកាប់ឈើក្រញូងខុសច្បាប់ ក្នុងទឹកដីថៃ បានចំនួន៥ នាក់បន្ថែមទៀត។

បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់បានឱ្យដឹងថា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះថា ពលរដ្ឋខ្មែរទាំង៥នាក់ ដែលបម្រុងឆ្លងដែន ទៅកាប់ឈើក្រញូង ខុសច្បាប់ ក្នុងទឹកដីថៃ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានទី១៖ ឈ្មោះ ប៉ិច ម៉េន ភេទប្រុស អាយុ៤៦ឆ្នាំ, ទី២៖ ឈ្មោះ ព្រីង ភារិន ភេទប្រុស អាយុ២១ឆ្នាំ, ទី៣៖ ឈ្មោះ ស៊ុយ ស៊ីម ភេទប្រុស អាយុ២៨ឆ្នាំ, ទី៤៖ ឈ្មោះ ចាន់ លីវិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ, និងទី៥៖ ឈ្មោះ ធី គន្ធា ភេទប្រុស អាយុ២០ឆ្នាំ ទាំងអស់គ្នារស់នៅភូមិព្រែកពីរ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលឃុំថ្មដា ដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មានករណីទាហានឈុតខ្មៅថៃ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរម្នាក់ នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ ដែលឆ្លងដែនខុសច្បាប់ ដើម្បីកាប់ឈើក្រញូង នៅទល់មុខច្រកផ្លូវ៥៦ ស្ថិតក្នុងភូមិថាសេន ឃុំឡែមក្លាត ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។ ជនរងគ្រោះដែលថៃបាញ់ស្លាប់មានឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកពីរ ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ ត្រូវគ្រាប់កាំភ្លើងត្រង់ចំណុចបោះដៃផុតធ្លុះចូលចុងដង្ហើម។

ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ អាន វិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវរបួស៣កន្លែង រួមមានត្រង់ប្រអប់ដៃស្តាំ ភ្លៅស្តាំ និងប្រអប់ជើងស្តាំ។ សពជងរងគ្រោះត្រូវបានថៃបញ្ជូនទៅខេត្តច័ន្ទបុរី ដើម្បីធ្វើកោសល្យវិច្ច័យ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តត្រាត។ នៅកន្លែងកើតហេតុ ដែលស្លាប់ជនរងគ្រោះម្នាក់ ក៏មានភ្ជាប់ជាមួយនឹងឈើគ្រញូង២ដុំផងដែរ។ មកដល់ពេលនេះ ពុំទាន់មានការអះអាងពីសមត្ថកិច្ចនៅឡើយទេ ពាក់ព័ន្ធការប្រគល់សាកសពជនសង្ស័យ មកកម្ពុជាវិញ។

យើងអាចនិយាយបានថា ជនរងគ្រោះ ដែលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុខាងលើនេះ អាចជាបក្សពួករបស់ជនសង្ស័យទាំង៥នាក់ ដែលសមត្ថកិច្ចចម្រុះក្នុងឃុំថ្មដា ឃាត់ខ្លួនបានកាលពីម្សិលមិញផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews