មន្ត្រីសាខាគយខេត្តព្រះសីហនុ នឹងចុះចាប់រថយន្តអត់ស្លាកលេខផាកពិន័យ១គ្រឿង ១ពាន់ដុល្លារ!

(ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានព្រមានថា នឹងបញ្ជូនមន្ត្រីចុះចាប់រថយន្តដឹកទំនិញធុនធ្ងន់រួមមាន៖ រថយន្ដដឹកដី, ដឹកខ្សាច់, ដឹកថ្ម, រថយន្តក្រឡុកស៊ីម៉ង់ និងរថយន្តដឹកទំនិញធុនធ្ងន់ផ្សេងៗទៀត ដែលគ្មានស្លាកលេខ ហើយធ្វើចរាចរណ៍ដឹកទំនិញធ្វើអាជីវកម្មតាមផ្លូវសាធារណៈខុសច្បាប់ ដើម្បីផាកពិន័យឲ្យបានធ្ងន់ធ្ងរ។

ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ លោក ទុំ ណូ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩នេះថា រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលមិនមានពាក់ស្លាកលេខ មន្ត្រីសាខាគយខេត្តព្រះសីហនុ ត្រៀមបើកយុទ្ធនាការចុះឃាត់ ដើម្បីសួររកឯកសារបង់ពន្ធនាំចូល និងពិនិត្យទៅលើស្លាកលេខ បំពាក់បានត្រឹមត្រូវដែរឬទេ?។

ចំណុចនេះ លោក ទុំ ណូ បញ្ជាក់ថា រាល់ថ្ងៃនេះ ឃើញមានរថយន្តដឹកទំនិញធុនធ្ងន់មួយចំនួននាខេត្តព្រះសីហនុ បានធ្វើចរាចរណ៍តាមផ្លូវសាធារណៈ ដើម្បីប្រកបអាជីវកម្មផ្សេងៗ យ៉ាងអនាធិបតេយ្យ ដោយគ្មានពាក់ស្លាកលេខទេ។

ផ្តើមពីបញ្ហានេះ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ពន្យល់ថា ចំពោះរថយន្តដឹកទំនិញធុនធំ ទាំងទើបនាំចូលថ្មី ឬចាស់ក្តី ដែលកំពុងចរាចរណ៍ធ្វើអាជីវកម្មរាល់ថ្ងៃនេះ ក៏មានម្ចាស់រថយន្តខ្លះ បានបង់ពន្ធគយ នាំចូលតាមច្បាប់ ប៉ុន្តែពួកគាត់ មិនបានយករថយន្ត របស់ខ្លួន ទៅធ្វើស្លាកកលេខសម្គាល់ឲ្យបានត្រឹមត្រូវនោះទេ។

ត្រង់ចំណុចនេះ លោក ទុំ ណូ បានព្រមានថា ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ទាំងថ្មី និងចាស់ ទោះបានបង់ពន្ធត្រឹមត្រូវស្របច្បាប់បែបណាក្តី ក៏ប៉ុន្តែម្ចាស់មិនបានយករថយន្តទាំងនោះ ទៅធ្វើស្លាកកលេខ សម្គាល់យានយន្តឲ្យបានត្រឹមត្រូវទេ ហើយធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញផ្សេងៗ នៅតាមផ្លូវសាធារណៈ គឺជាទង្វើខុសច្បាប់។ លោកថាករណីនេះ ប្រសិនបើ មន្ត្រីគយ និងរដ្ឋាករ របស់លោក ចាប់បាននឹងតម្រូវឲ្យម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់នីមួយៗ ត្រូវបង់ប្រាក់ពិន័យយ៉ាងតិច ១,០០០ (១ពាន់ដុល្លារអាមេរិក) ក្នុងរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង។

ចំពោះបញ្ហានេះ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានប្រកាសជាសាធារណៈ សូមឲ្យម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនទំនិញ និងប្រជាពលរដ្ឋ ដែលមានរថយន្តដឹកទំនិញធំៗ ហើយមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល ឬបានបង់ពន្ធគយរួចហើយ ប៉ុន្តែមិនទាន់បានធ្វើស្លាកលេខសម្គាល់រថយន្ត ឲ្យបានត្រឹមត្រូវនៅឡើយនោះ សូមរួសរាន់អញ្ជើញទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងធ្វើស្លាកលេខរថយន្តដឹកទំនិញ របស់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមច្បាប់បានកំណត់ឲ្យបានឆាប់។ លោកព្រមានថា បើមិនដូច្នេះទេ មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញស្ថាប័នដទៃទៀត នឹងចុះអនុវត្តវិធានការផ្លូវច្បាប់ ក្នុងពេលឆាប់ៗខាងមុខនេះ៕

ផ្តល់សិទ្ធិដោយ៖ Freshnews