TOP NEWS: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះវិស័យការពារជាតិ និងកម្លាំងនគរបាល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលជាក្រសួងគ្រប់គ្រងលើកម្លាំងកងទ័ព និងកម្លាំងនគរបាល។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ពីទីក្រុងប៉េកាំង ប្រទេសចិន នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នៅថ្ងៃអនាគតខាងមុខនេះទៀត ក្នុងជួរកងទ័ពមានតែរដ្ឋមន្រ្តីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលពាក់ផ្កាយ៤, ត្រឹមអគ្គមេបញ្ជាការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា ពាក់ត្រូវផ្កាយ៣, អគ្គនាយករងពាក់ត្រឹមផ្កាយ២ប៉ុណ្ណោះ។ មេបញ្ជាការកងទ័ពជើងគោក ជើងអាកាស ជើងទឹក​ គឺពាក់ត្រឹមផ្កាយ៣ និងតាមបណ្តាមេបញ្ជាការភូមិភាគនានា ផ្តល់ត្រឹមផ្កាយ២។ ដោយឡែកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងត្រូវពាក់ត្រឹមផ្កាយ៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ចំណែកថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលពាក់ផ្កាយ៤ និងទម្លាក់មកត្រឹមផ្កាយ៣។ ពាក់ព័ន្ធនឹងកំណែទម្រង់នេះសម្តេចតេជោ ហ៊ុន​ សែន មានប្រសាសន៍ដែរថា នឹងធ្វើកំណែទម្រង់លើកម្លាំងនគរបាលផងដែរ ហើយទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងសិក្សាលម្អិតបន្ថែមលើការកែទម្រង់នេះ។

សូមជំរាបថា នាពេលកន្លងទៅរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ធ្លាប់បានបង្ហាញអំពីការធ្វើកំណែទម្រង់ស៊ីជម្រៅ ទៅលើវិស័យកងទ័ពផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews