រកឃើញមឹកស្រស់មានសារធាតុគីមី និងប្រហិតចម្រុះហួសកាលបរិច្ឆេទ ដាក់ស្តង់តាំងពិពណ៌, សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដកហូតកំទេចចោល

(ស្ទឹងត្រែង)៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ បានសហការជាមួយរដ្ឋបាលក្រុងស្ទឹងត្រែង និងមន្ទីរពាណិជ្ជកម្មខេត្ត ដោយបានការចូលរួម ផ្ទាល់ពីលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានចុះត្រួតពិនិត្យ ទំនិញតាមស្តង់តាំងពិពណ៌ ស្ថិតនៅក្រុងស្ទឹងត្រែង។

លោក គឹម ប្រុស បានឲ្យដឹងថា នៅក្នុងការចុះពិនិត្យទំនិញតាមស្តង់នេះ បានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ ក្នុង មឹក បង្គា ប្រហិតគ្រប់ប្រភេទ ថែមទាំងបានត្រួតពិនិត្យ ទៅលើចំណីអាហារវេចខ្ចប់ជាច្រើនប្រភេទទៀត។

ជាលទ្ធផលរកឃើញមឹកស្រស់ មានលាយសារធាតុគីមីហាមឃាត់ Formalin ចំនួន៦០គីឡូក្រាម និងប្រហិតចំរុះហួសកាលបរិច្ឆេទកំណត់ ចំនួន៣៣គីឡូក្រាម ដកហូតកំទេចចោលភ្លាមៗ។

លោកប្រធានសាខា ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ តាមស្តង់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕ ផ្តល់សិទ្ធិដោយ៖ Freshnews