សួនបង្ហាញពីអត្តសញ្ញាណកម្ពុជា ត្រូវបានសង់ឡើងនៅមជ្ឈមណ្ឌលពិព័រណ៍សាកវប្បកម្មអន្តរជាតិ នាទីក្រុងប៉េកាំង

(ប៉េកាំង, ចិន)៖ សួនដែលរំលេចពីអត្តសញ្ញាណរបស់ជាតិកម្ពុជាដ៏ធំមួយ ត្រូវបានសាងសង់ឡើងនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ស្ថិតនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ សួននេះត្រូវបានសាងសង់ឡើងក្រោមប្រធានបទ «រស់នៅកាន់តែល្អប្រសើរ រស់នៅជាមួយបរិស្ថានបៃតង»។

នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ «មជ្ឈមណ្ឌលពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩» ជាមួយបណ្តាមេដឹកនាំ នៃប្រទេសដៃគូសហប្រតិបត្តិការ «ខ្សែក្រវ៉ាត់ និងផ្លូវ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក៏បានបើកសម្ពោធសួនរបស់កម្ពុជានេះជាផ្លូវការផងដែរ។

នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិសាកវប្បកម្មអន្តរជាតិនេះ មេដឹកនាំចិន បានផ្តល់ដីក្នុងការសាងសង់សួនដែលជានិម្មិតរូប សម្រាប់ប្រទេសនីមួយៗ ដែលជាប្រទេសដៃគូសហប្រតិបត្តិការ «ខ្សែក្រវ៉ាត់ និងផ្លូវ»។

ការដែលកម្ពុជាបង្កើតសួននេះឡើង គឺក្នុងគោលបំណងនៃការចូលរួមជំរុញផ្សព្វផ្សាយពីវប្បធម៌ និងកសាងកេរ្តិ៍ឈ្មោះ របស់កម្ពុជា ឲ្យកាន់តែមានភាពល្បីល្បាញ មានការទទួលស្គាល់លើឆាកអន្តរជាតិ ជាទឹកដីពោរពេញទៅដោយវប្បធម៌ប្រពៃណីល្អផូរផង់ ស្របតាមប្រធានបទ «រស់នៅកាន់តែល្អប្រសើរ រស់នៅជាមួយបរិស្ថានបៃតង»។

ការចូលរួមក្នុងព្រឹត្តិការណ៍នេះ កម្ពុជានឹងមានឱកាសចែករំលែកបទពិសោធន៍ទាក់ទងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន បង្ហាញពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ និងការប្រតិបត្តិរបស់ប្រជាជន ការរៀបចំបរិស្ថាននៃការរស់នៅ តាមរយះការរៀបចំសួនដែលមានធម្មជាតិ និងរុក្ខជាតចម្រុះ តំណាងឲ្យអត្តសញ្ញាណជាតិ និងជាការពេញនិយមរបស់ប្រជាជន ដូចជាដើមត្នោត ដើមស្លា និងផ្កាភ្ញីជាដើម។

ទន្ទឹមនឹងការរៀបចំសួនតាមបែបបុរាណ និងសម័យមានលក្ខណៈស្រស់បំព្រង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិ។ កម្ពុជា ក៏នឹងមានឱកាសបង្កើតកិច្ចសហប្រតិបត្តិការល្អជាសកល តាមរយៈការតភ្ជាប់ទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការការពារបរិស្ថានធម្មជាតិនៅកម្ពុជា។

កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការការពារបរិស្ថានបៃតង និងមានគោលដៅជាសារវន្ត គឺផ្សារភ្ជាប់បរិស្ថានបែតង ទៅនិងការរស់នៅរបស់ប្រជាជន និងពិភពលោក ដើម្បីសុខដុមរមនាខាងផ្នែកផ្លូវកាយ ភាពស្រស់ស្រាយក្នុងជីវិត ស្របតាមប្រធានបទរបស់ពិព័រណ៍ «ការរស់នៅកាន់តែប្រសើរ រស់នៅជាមួយបរិស្ថានបៃតង»។

សួនកម្ពុជាត្រូវបានសាងសង់ឡើងតាមរចនាបថខ្មែរ សម័យក្រោយអង្គរ ដោយផ្សារភ្ជាប់គ្នារវាងធម្មជាតិ និងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ ការរៀបចំតុបតែងភូមិដ្ឋាន និងការបង្ហាញពីឧបករណ៍ សម្ភារៈ ដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ខ្លោងទ្វារចូលត្រូវបានរៀបចំ តាមរចនាបថខ្មែរ យកលំនាំតាមខ្លោងទ្វារសារមន្ទីរជាតិ និងមានរបងព័ន្ធជុំវិញបរិវេណសួន។

រូបសំណាក់ដែលមានព្រះភ័ក្រ្តញញឹមស្រទន់ ជាតំណាងឲ្តទសពិធរាជធម៌ របស់អតីតព្រះមហាក្សត្រខ្មែរ នាសម័យបុរាណ មានចិត្តមេត្តា ករុណា មុទិតា និងឧបេក្ខា គ្រប់ដណ្តប់លើផ្ទៃដីកម្ពុរដ្ឋ ក្នុងទិសទាំងបួន និងបានផ្តល់សេចក្តីសុខសន្តិភាពដល់មនុស្ស សត្វ និងរុក្ខជាតិ ដែលរស់នៅក្នុង ភាពស្ងប់ស្ងៀមជាមួយនិងធម្មជាតិ ស្របតាមប្រធានបទរងគឺ រស់នៅសុខដុមរមនាជាមួយធម្មជាតិ។

រោងនៅផ្នែកខាងស្តាំ និងខាងឆ្វេង នៃរូបសំណាក់ព្រម្មមុខបួន មានរោងអដ្ឋកោណមួយ សម្រាប់ជាទីសម្រាកបណ្តោះអាសន្នរយះពេលខ្លី របស់ភ្ញៀវជាតិ និងអន្តរជាតិ បន្ទាប់ពីបានចូលទស្សនាសួន និងពន្លាជាតិកម្ពុជា។ ក្នុងរោងនេះ អ្នកទស្សនាអាចគយគន់ទស្សនីយភាពរបស់សួន កម្ពុជា ហើយក៏អាចសិក្សាស្វែងយល់ពីឧបករណ៍សម្ភារះប្រើប្រាស់មួយចំនួន របស់ប្រជាជនខ្មែរ នាសម័យបុរាណ ដែលមានដាក់តាំងលម្អក្បែរនោះ មានដូចជារទេះគោ នង្គ័ល រនាស់ និងឧបករណ៍ផ្សេងៗទៀត ដែលបម្រើឲ្យវិស័យកសិកម្ម។

នៅក្នុងសួននេះដែរ កម្ពុជាបានសាងសង់ពន្លាជាតិជា៣ខ្នង តាមរចនាបថខ្មែរនាសម័យចតុមុខ។ នៅអមសងចខាងទ្វារចូលពន្លាជាតិ មានដាក់តាំងរូបចម្លាក់តោថ្មចំនួន២ តាមរចនាបថតោថ្មសម័យលង្វែក ដើម្បីបង្ហាញពីឬទ្ធានុភាព នៃអំណាច ក្នុងការការពារផែនដី និងធម្មជាតិ។

ផ្នែកខាងក្នុងនៃពន្លាជាតិ ចែកចេញជា២ផ្នែកគឺ ផ្នែកទី១ មានរៀបចំជាឆាកខ្នាតតូច សម្រាប់ក្រុមសិល្បករ សិល្បការិនីកម្ពុជាសំដែងសិល្បៈ បង្ហាញពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជនជាតិខ្មែរ ជូនភ្ញៀវទស្សនា និងផ្នែកទី២មានការៀបចំ តុលម្អដោយវត្ថុសិល្បៈ ផ្ទាំងគំនូរំលេចពីធម្មជាតិ សម្រាស់ផ្កាខ្មែរ ជាទីពេញនិយមរបស់ប្រជាជនកម្ពុជា មានដូចជាផ្កាចំប៉ី ផ្កាចំប៉ា ផ្កាក្តាំងងា ផ្ការំដួល ផ្កាចន្ធូ និងឯកសារផ្សព្វផ្សាយពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ទំនាក់ទំណងការទូត និងផលិតផលសក្តានុពលកម្ពុជា សម្រាប់ធ្វើពិពិធកម្ម និងជំរុញការនាំចេញ។

ផ្តល់សិទ្ធិដោយ៖ Freshnews