កាប់ប្តីរហូតដល់ស្លាប់ ក្រោយប្តីត្រឡប់មកផ្ទះដោយគ្មានជើងមាន់ដែលនាងផ្ញើរអោយទិញ

ចិន៖ ស្ត្រីជនជាតិចិនម្នាក់បានចាក់ប្តីជាច្រើនកាំបិតរហូតដល់ស្លាប់ ព្រោះតែខឹងប្តីរបស់ខ្លួនភ្លេចទិញជើងមាន់ឲ្យនាងសម្រាប់ញ៉ាំបាយពេលល្ងាច។ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះបានកើតឡើងនៅក្នុងស្រុក Lujiang ខេត្ត Anhui ភាគខាងជើងប្រទេសចិន។ ស្រ្តីជាជនដៃដល់មានឈ្មោះថា​ Luo ហើយបុរសជនរងគ្រោះមានឈ្មោះថា Wu ពួកគេបានរៀបការជាមួយគ្នាជាងប្រាំឆ្នាំមកហើយ និងមានកូនចំនួនពីរនាក់ថែមទៀត។ បើតាមសំដីម្តាយបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះកូនប្រុសរបស់គាត់បានចេញទៅក្រៅ ដើម្បីញ៉ាំអាហារជាមួយមិត្តភក្តិ និងដើម្បីជជែកពីការរកស៊ីរបស់គេផង។

លុះដល់ពេលល្ងាចបន្តិចស្រាប់តែកូនប្រសារស្រីរបស់គាត់បានតេទៅប្រាប់កូនប្រុសគាត់ថា ពេលត្រលប់មកផ្ទះវិញកុំភ្លេចទិញជើងមាន់មកញ៉ាំផង ហើយនាងក៏អង្គុយរង់ចាំជើងមាន់នោះដោយគ្មានធ្វើម្ហូបអ្វីផ្សេងទេសម្រាប់ញ៉ាំបាយល្ងាច។ ខណៈដែលបុរសជាប្តីបានទៅដល់ផ្ទះដោយមិនបានទិញជើងមាន់ទៅជាមួយនោះ ស្រ្តីជាប្រពន្ធបានខឹង និងបានបង្កឲ្យមានជំលោះយ៉ាងខ្លាំងមួយនៅក្នុងគ្រួសារ ហើយក្នុងជំលោះនោះហើយដែលនាងបានស្ទុះទៅទាញកាំបិតមកចាក់ប្តីទាល់តែស្លាប់តែម្ដង។ ពេលនេះស្រ្តីជាជនដៃដល់ត្រូវប៉ូលិសធ្វើការឃាត់ខ្លួន និងរង់ចាំទទួលទោសតាផ្លូវច្បាប់៕