តាមទាន់ជាន់កែង! បុរសម្នាក់ត្រូវចាប់ខ្លួនក្រោយបន្លំខ្លួនជានគរបាលជាតិ ដែលទិញនៅផ្សារទឹកថ្លា និងប្រើប្រាស់ស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ

ប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពក្លែងបន្លំប្រើប្រាស់នូវឯកសណ្ឋាននគរបាលជាតិ​ និងប្រើប្រាស់ស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ។ ជនសង្សយ័ត្រូវឃាត់ខ្លួន​ ឈ្មោះប្រាក់ ចន្ទ័ដារាវង្ស​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៤ម៉០០នាទី​ ជនសង្សយ័ខាងលើជាសន្តិសុខឯកជនបានទៅយាមនៅហាងបបរមួយកន្លែងនៅម្ដុំផ្សារដើមគរដោយស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខពណ៏ខ្មៅ​ លុះដល់ម៉ោង២០ម៉០០នាទីចប់ម៉ោងការងារក៏បានដូរឯកសណ្ឋានសន្តិសុខចេញហើយយកឯកសណ្ឋាននគរបាលជាតិ(ពណ៏ទឹកដោះគោ)ដែលដាក់ក្រោមកែបម៉ូតូដែលបានទិញនៅផ្សារទឹកថ្លាខោអាវតម្លៃ១០ដុល្លា សក្កិ០១គូរតម្លៃ០៣ដុល្លា ផ្លាកឈ្មោះតម្លៃ០៥ដុល្លា។ ពេលដូរឯកសណ្ឋាននគរបាលជាតិរួចហើយក៏បានជិះម៉ូតូដើរលេងមួយសន្ទុះមកដល់ចំណុចផ្លូវព្រះនរោត្តមកែង ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ ក៏ត្រូវបានជួបកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះឃើញដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យ ទើបដឹងថាជនសង្ស័យមិនមែនជានគរបាលជាតិ ហើយបានធ្វើការឃាត់ខ្លួនជនសង្សយ័ឈ្មោះ​ ប្រាក់​ ចន្ទ័ដារាវង្ស​ រួមជាមួយម៉ូតូ០១គ្រឿងម៉ាកZOOMER Xពណ៏ប៉ារ៉ាស្លាកលេខ នប14652(ក្លែងក្លាយ)យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង៕