រថយន្តបែនដឹកថ្ម បោះពួយបុកចូលផ្ទះពលរដ្ឋលក់ឥវ៉ាន់ នៅស្រុកមេមត់ បណ្តាលស្ត្រីម្នាក់រងរបួស និងខូចខាតសម្ភារមួយចំនួន

(ត្បូងឃ្មុំ)៖ កាលពីថ្ងៃទី១៩ ខែមេសា ក្រោយចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅថ្មីៗ មានករណីឡានបែនដឹកថ្ម បុករះចូលផ្ទះពលរដ្ឋក្បែរផ្សារខ្នារ ក្នុងស្រុកត្បូងឃ្មុំ បណ្តាលឱ្យស្លាប់២នាក់ របួស៣នាក់ ស្រាប់តែនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១២៖៤៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ៧ដដែល ប៉ុន្តែចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១ ក្នុងភូមិជ្រាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយសែនរន្ធត់ បានកើតឡើងដោយឡានបែនដឹកថ្ម ប្រើប្រាស់ល្បឿនយ៉ាងលឿន ក្នុងស្ថានភាពផ្លូវចុះចំណោត រួមទាំងមេឃកំពុងភ្លៀងផងនោះ បានរេចង្កូតជ្រុលបុករះចូលផ្ទះពលរដ្ឋលក់ឥវ៉ាន់ បណ្ដាលអោយស្ត្រីម្នាក់រងរបួសស្រាល រួមទាំងខូចខាតសម្ភារមួយចំនួនទៀត។

នគរបាលស្រុកមេមត់ បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បង្កឡើងដោយរថយន្តដឹកថ្ម ម៉ាកហ៊ីយ៉ាន់ដាយ (HYUN DAI) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម3A-4040 ក្នុងទិសខាងកើតទៅលិច បើកបរដោយឈ្មោះ ឌី ម៉ានីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ពិសេសគឺគ្មានបណ្ណបើកបរ។

ចំណែកឯជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ សយ សុខុម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរងរបួសស្រាល ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។

បច្ចុប្បន្នវត្ថុតាង រថយន្តចំនួន០១គ្រឿង និងជនបង្កត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងចាត់ការ ទៅតាមនីតិវិធីជាបន្ត។

ជាមួយករណីទាំង២ស្រដៀងគ្នាខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើង ក៏ដូចជាសំណូមពរឱ្យសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ មេត្តាត្រួតពិនិត្យបច្ចេកទេសរថយន្តធុនធំទាំងអស់ ដែលកំពុងបើកបរលើផ្លូវក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស និងណែនាំ អបរំដល់អ្នកបើកបរ យ៉ាងទំនើងទាំងនោះ ពិសេសយុវជនដែលគ្មានបណ្ណបើកបរ ដោយចាត់វិធានការអោយបានម៉ើងម៉ាត់បំផុត ធ្វើយ៉ាងកុំយកជីវិតមនុស្ស មកលេងសើចបែបនេះបន្តទៀត៕

ផ្តល់សិទ្ធិដោយ៖ Freshnews