កម្ពុជាដុតកម្ទេចចោលគ្រឿងញៀន និងកញ្ឆាជាង៦០០គីឡូក្រាម នៅ២ឆ្នាំចុងក្រោយនេះ !

(ភ្នំពេញ)៖ នៅរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺនៅឆ្នាំ២០១៧ និង២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានដុតកម្ទេចចោលគ្រឿងញៀន និងកញ្ឆាជាង៦០០គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនគរបាលជាន់ខ្ពស់ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

ឆ្លើយតបនឹងសំណួរដែលតែងតែសួរថា «តើគ្រឿងញៀនរឹបអូសបានយកទៅណា? នោះ លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្យល់ថា ទី១៖ សមត្ថកិច្ចរឹបអូសគ្រឿងញៀនបាន ត្រូវបញ្ជូនទៅតុលាការ ធ្វើជាវត្ថុតាងសម្រាប់ដាក់បន្ទុកជនល្មើស និងទី២៖ បន្ទាប់ពីតុលាការកាត់ក្តីរួច ត្រូវយកទៅដុតបំផ្លាញចោល។

លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ទៀតថា «ឆ្នាំ២០១៧ យើងបានដុតបំផ្លាញវត្ថុតាងគ្រឿងញៀនចំនួន៥លើក ក្នុងរួមមានថ្នាំញៀន ២៣៦គីឡូក្រាម និងកញ្ឆា១៦៦គីឡូក្រាម និងនៅឆ្នាំ២០១៨ ដុតបំផ្លាញវត្ថុតាងគ្រឿងញៀនចំនួន៤លើក ក្នុងមានថ្នាំញៀន ១១២.១៥គីឡូក្រាម កញ្ឆា១១០.៦៧គីឡូក្រាម និងស្លឹក Khat ៣២២គីឡូក្រាម»។

សូមជម្រាបថា រយៈពេលជិត៤ខែឆ្នាំ២០១៩នេះ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនចំនួន ២៤៦០ករីណ ដោយឃាត់មនុស្ស៥២៥៤នាក់ (ស្រី៤១៨នាក់) ដកហូតថ្នាំញៀនគ្រប់ប្រភេទជាង ៣៣៣គីឡូក្រាម និង ៤៩១កញ្ចប់តូច៕

ផ្តល់សិទ្ធិដោយ៖ Freshnews