រយះពេល៥ ឆ្នាំហើយ អតីតតារាកំប្លែងស្រី ផន សុផារី នឹងស្វាមីនៅតែផ្អែមល្ហែមនឹងគ្នាដូចដើម

អតីតតារាកំប្លែងស្រី អ្នកនាង ផន សុផារី ហាក់ដូចជាស្ងប់ស្ងាត់ពីក្នុងសិល្បៈទៅសម្ងំយកក្ដីសុខជាមួយក្រុមគ្រួសារ ជាពិសេសគឺកូនស្រីដ៏គួរឲ្យស្រលាញ់របស់នាងតែម្ដង។ យ៉ាងណាមិញ នៅតាមបណ្ដាញហ្វេសប៊ុកជារឿយៗ គេឃើញតារាស្រីរូបនេះតែងតែធ្វើការបង្ហោះសម្ដែងក្ដីរំភើបរីករាយជាមួយនឹងជីវិតហ៊ឺហា និងភាពផ្អែមល្ហែមជាមួយនឹងស្វាមីគួរឲ្យកត់សម្គាល់។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ផន សុផារី បានបង្ហាញនូវសារយ៉ាងផ្អែមល្ហែម ខណៈដែលមកដល់ខួប៥ឆ្នាំនៃក្តីស្រលាញ់ និងខួបអាពាហ៍ពិពាហ៍គំរប់២ឆ្នាំ របស់ខ្លួន។ ដោយអ្នកនាង ផន សុផារី បានសរសេររៀបរាប់ថា៖ “បើថ្ងៃមុខ បងមើលមកខ្ញុំលែងស្អាត មើលមកខ្ញុំគួរឲ្យធុញទ្រាន់ បងអស់ចិត្តពីខ្ញុំ សុំអោយបងនឹកឃើញថា ស្រីម្នាក់នេះធ្លាប់ជាស្រីដែលបងប្រាប់ថាស្រលាញ់ ជាមនុស្សស្រីដែលបងតស៊ូគ្រប់យ៉ាងដើម្បីបានជួប ជាមនុស្សស្រីដំបូងដែលបងប្រាប់ចាស់ទុំអោយចូលស្តី។ ទំរាំមកដល់ពេលនេះ តើពួកយើងទាំងពីរជំនះឧបសគ្គ លំបាក តស៊ូ អ្វីខ្លះ? មកដល់ពេលនេះតើស្រីម្នាក់នេះលះបង់អ្វីខ្លះដើម្បីបង? គ្រប់យ៉ាងដែលខ្ញុំលះបង់ ខ្ញុំមិនដែលចង់ទាមទារតបស្នងអ្វីមកវិញឡើយក្រៅពីចង់អោយបងអាណិត ផ្តល់សុភមង្គល ក្តីស្រលាញ់ស្មោះត្រង់ មកអោយខ្ញុំនិងកូនប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ព្រោះលើលោកនេះស្រ្តីដែលស្រលាញ់បងពិតប្រាកដមានតែ២នាក់ទេ គឺម្តាយបង និង ខ្ញុំជាប្រពន្ធបង Happy anniversary 5 year of love”៕