អំពើល្អមិនចេះសាបសូន្យ! ក្មេងស្រីម្នាក់ត្រឡប់មកសងគុណអ្នកមានគុណដែលជួយផ្គត់ផ្គង់អោយនាងរៀនសូត្រកាលពី ១១ ឆ្នាំមុន

រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយអំពីគ្រូពេទ្យស្ត្រីម្នាក់ ដែលបានជួយសង្គ្រោះអ្នកមានគុណធ្លាប់ជួយសង្គ្រោះនាងកាលពីជាងមួយទសវត្សរ៍កន្លងទៅបានធ្វើឱ្យមានភាពលីល្បាញពេញបណ្តាញសង្គមចិន។ កាលពី ១១ឆ្នាំ មុនបុរសម្នាក់នេះ បានជួយក្មេងស្រីម្នាក់ឈ្មោះ Tam Ling បន្ទាប់ពីនាង និងគ្រួសារត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ធំមួយ។ យោងទៅតាម Sohu នាង Ling គឺជាកូនស្រីច្បងរបស់គ្រួសារក្រីក្រ និងត្រូវមើលថែរក្សាប្អូនស្រី ២នាក់ ផ្សេងទៀត ព្រោះឪពុករបស់នាងមានពិការភាព ខណៈដែលម្ដាយរបស់នាងតែងតែមានជំងឺជាប់ខ្លួន។

ការរញ្ជួយដីកម្លាំង ៧.៩វុិចទ័រ កាលពី ឆ្នាំ២០០៨ បានបំផ្លាញផ្ទះរបស់ពួកគេទាំងស្រុងនៅស៊ីឈួនប្រទេសចិន។ ដោយមិនអាចមានលទ្ធភាពជួសជុលលំនៅដ្ឋានបាននោះ នាង Ling និងគ្រួសារក៏ត្រូវបង្ខំចិត្តទៅសុំជ្រកជាមួយផ្ទះអ្នកជិតខាង។ ក្រោយមកមានបុរសម្នាក់ឈ្មោះ Zheng Hua ដោយមានចិត្តអាណិតនាង Ling គាត់ក៏បានឱ្យលេខទូរស័ព្ទទាក់ទងទៅនាងតូចទុកគ្រាន់មានការចង់ពឹងពាក់អ្វីមួយ។​ ក្រោយពេលនាង Ling រៀនចប់ថ្នាក់វិទ្យាល័យនាងក៏បានចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រស៊ីឈួន ដោយការឧបត្ថមរបស់លោក Zheng Hua។

រយៈពេល ១១ឆ្នាំ ក្រោយមក នាង Ling បានធ្វើការឱ្យមន្ទីរពេទ្យមួយកន្លែង ខណៈកាលពីខែមុនលោក Zheng Hua ស្រាប់តែមានបញ្ហាសន្លប់នៅកណ្តាលវង់ប្រជុំ គាត់ក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យភា្លម ដើម្បីព្យាបាលជំងឺសរសៃឈាមខួរក្បាលរបស់គាត់។ ក្រោយមកនាង Ling ក៏បានដឹងថា បុរសម្នាក់នេះគឺជាអ្នកធ្លាប់មានគុណរបស់នាង នាងក៏បានចាត់ចែងការវះកាត់ ចុះហត្ថលេខាលើឯកសារ ហើយថែមទាំងកំដរគាត់អំឡុងពេលនៅសម្រាកក្នុងមន្ទីរពេទ្យទៀតផង៕