ផលិតករ​ថៃ​ជ្រើសរើស​តារា​ខ្មែរ​កញ្ញា ស៊ីន យូប៊ីន ឱ្យ​សម្តែង​ជា​តួឯក ក្នុង​ខ្សែ​ភាពយន្ត​ខ្នាតធំ «The Protect»

(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ កញ្ញា ស៊ីន យូប៊ីន ត្រូវមានទស្សនិកជនសង្កេតឃើញថា នាងមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រមទាំងមានការគាំទ្រទាំងទស្សនិកជនក្នុង និងក្រៅស្រុកទៀតផង។ ថ្មីៗនេះ មានដំណឹងមួយ អាចនិយាយបានថាជារឿងដ៏មានមោទនភាពចំពោះសិល្បករខ្មែរ និងដំណឹងល្អមួយ ចំពោះអ្នកគាំទ្រតារាស្រី ស៊ីន យូប៊ីន ដោយនាងត្រូវបានផលិតករថៃ ជ្រើសរើសឱ្យសម្តែងជាតួឯក ក្នុងខ្សែភាពយន្តខ្នាតធំមួយ មានចំណងជើងថា «The Protect» ឬ «bodyguard»។ អ្វីដែលពិសេស ក្នុងខ្សែភាពយន្តនេះ នឹងមានបញ្ចូលភាសាខ្មែរ និងថៃរួមគ្នា ទៀតផង ដែលនេះជាផ្នែកមួយ ជួយផ្សព្វផ្សាយអត្តសញ្ញាណខ្មែរ ដល់បរទេសបានស្គាល់កាន់តែច្រើន។

ជាការកត់សម្គាល់ តាមរយៈសារព័ត៌មានថៃ បានធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាតនូវសកម្មភាពនានា ក្នុងថ្ងៃក្រុងពាលី នៃខ្សែភាពយន្តខ្នាតធំ «The Protect» ឬ «bodyguard»។ ក្នុងនោះមានបញ្ជាក់ថា ខ្សែភាពយន្តខ្នាតធំខាងលើ ជាភាពយន្តមួយកម្រិតអន្តរជាតិ ដោយមានតារាខ្មែរ ស៊ីន យូប៊ីន ទទួលបាននូវកិត្តិយសសម្តែងជាតួឯក រួមជាមួយតារាថៃលោក Mum Jokmok និង លោក P’Dim Tatto Colour Petchtai Wongkamlao ព្រមទាំងសិល្បករ-សិល្បការិនីថៃ ជាច្រើនរូបទៀត។

ពាក់ព័ន្ធនឹងដំណឹងនេះ តារាស្រីជួរមុខ កញ្ញា ស៊ីន យូប៊ីន បានឱ្យដឹងតាមរយៈសារអេឡិចត្រូនិចថា នាងពិតជាមានចូលរួមសម្តែងជាតួឯកស្រីក្នុងខ្សែភាពយន្ត «The Protect» ឬ «bodyguard» នេះមែន ហើយភាពយន្តខ្នាតធំកម្រិតអន្តរជាតិនេះ នឹងធ្វើការចាក់បញ្ចាំងនៅតាមរោងភាពយន្តធំៗនៅ Bangkok ប្រទេស ដោយមានការប្រើរភាសារខ្មែរ និងភាសារថៃ រួមក្នុងភាពយន្តនេះ។ នាងថា អ្វីដែលកាន់តែពិសេសជាងនេះ ក្នុងភាពយន្តនេះទៀតសោត នាងនឹងនិយាយភាសាខ្មែរ និងភាសាថៃបញ្ចូនគ្នា។

ស៊ីន យូប៊ីន បន្តថា នាងពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលមានឱកាសចូលរួមសម្តែងក្នុងរឿងខ្នាតធំនៅក្រៅប្រទេស និងទទួលបានតំណែងជាតួឯកស្រីបែបនេះ ទោះបីជាឱកាសសម្តែងក្រៅប្រទេស មិនមែនជាលើកទី១សម្រាប់នាងក្តី។ ឆ្លើយតបនឹងឱកាសល្អនេះ នាងនឹងខិតខំសម្តែងឱ្យបានល្អ ព្រមទាំងខំជួយផ្សព្វផ្សាយអ្វីដែលជារបស់ខ្មែរ ឱ្យបងប្អូនបរទេសបានស្គាល់កាន់តែច្រើនបន្ថែមទៀត។

គួរជម្រាប់ថា នេះមិនមែនជាលើកទី១នោះទេ ដែលសិល្បការិនីខ្មែរ កញ្ញា ស៊ីន យូប៊ីន ត្រូវបានផលិតករថៃ និងទស្សនិកជនក្រៅស្រុកចាប់អារម្មណ៍ និងផ្តល់កិត្តិយសឱ្យនាងចូលរួមសម្តែង ខណៈលើកមុននាងក៏ធ្លាប់ចូលរួមសម្តែងភាពយន្តក្រៅស្រុកផងដែរ។ ប៉ុន្តែសម្រាប់ឱកាសលើកនេះ ត្រូវបានស៊ីន យូប៊ីន បញ្ជាក់ថា ខុសពីមុនៗ ព្រោះលើកនេះជាភាពយន្តខ្នាតធំ កម្រិតអន្តរជាតិ និងធ្វើជាតួឯកតែម្តង៕

ផ្តល់សិទ្ធិដោយ៖ Freshnews