គួរយល់ដឹង! ក្មេងៗក្រោមអាយុ ៤ឆ្នាំគួរណាជៀសវាងក្នុងការប្រើប្រាស់ទូរស័ព្ទកុំអោយលើសមួយម៉ោងក្នុងមួយថ្ងៃ

លោកអ្នកប្រាកដជាធ្លាប់ដឹងហើយថា ការសម្លឹងមើលអេក្រង់ទូរស័ព្ទយូរគឺមិនល្អនោះទេ ជាពិសេសគឺសម្រាប់ក្មេងៗតែម្តង ប៉ុន្តែលោកអ្នកមិនបានដឹងច្បាស់ទេថា គួរត្រូវកំណត់រយៈពេលនៃការនៅជាមួយនឹងអេក្រង់ទូរស័ព្ទត្រឹមកម្រិតណានោះ។ បើយោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ក្មេងតូចដែលមានអាយុចន្លោះពី ២-៤ ឆ្នាំ មិនគួរអនុញ្ញាតឲ្យប្រើពេលលើស ពី ១ ម៉ោង ក្នុង ១ ថ្ងៃនោះទេ សម្រាប់ការមើល ឬចុចលេងទូរស័ព្ទ។ ចំពោះក្មេងមានអាយុត្រឹម​តែ ១ ឆ្នាំ គឺមិនគួរឲ្យពួកគេមើល ឬចុចលេងទូរស័ព្ទតែម្តង។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានពន្យល់ថា នៅពេលក្មេងមានអាយុក្រោម ៤ ឆ្នាំ ហើយប្រើពេលលើសពី ១ ម៉ោងក្នុង ១​ ថ្ងៃជាមួយនឹងការចុចលេងទូរស័ព្ទនោះ សមត្ថភាពនៃការរៀនភាសាថ្មីៗរបស់ពួកគេនឹងត្រូវបានពន្យាពេល ហើយជំនាញក្នុងការទំនាក់ទំនងក្នុងសង្គមពួកគេនឹងធ្លាក់ចុះផងដែរ។ លើសពីនេះទៅទៀត ការសម្លឹងមើលទូរស័ព្ទយូរ ក៏បានជះឥទ្ធិពលអាក្រក់ដល់សុខភាពភ្នែកផងដែរ។ របាយការណ៍របស់អង្គការសុខភាពពិភពដដែលនេះបានណែនាំថា ឪពុកម្តាយគ្រប់រូបត្រូវព្យាយាមនិយាយជាមួយកូន ឲ្យពួកគេអានសៀវ និងនាំពួកគេចេញក្រៅឲ្យបានច្រើន ទើបជារឿងល្អសម្រាប់ក្មេងៗដែលមានអាយុក្រោម ៤ ឆ្នាំ៕