សូមកុំជឿការឃោសនាតាមអនឡាញដែលថាមានថ្នាំព្យាបាលកុមារអូទីស្សឹម ស្របពេលដែលអ្នកវិទ្យាសាស្រ្តមិនទាន់រកមូលហេតុដែលធ្វើអោយកុមារកើតជម្ងឺនេះនៅឡើយ

ថ្មីៗនេះដោយសារតែឃើញមានអ្នកលក់ផលិតផលតាមអនឡាញ បានធ្វើការដាក់លក់ផលិតផល ដោយអះអាងថាថ្នាំរបស់ពួកគេអាចព្យាបាលកុមារអូទីស្សឹមបាន ទាំងដែលពុំមានអ្នកវិទ្យាសាស្ត្រណាមួយរកឃើញនូវមូលហេតុ ឬនិយាយពីការព្យាបាលនៅឡើយ។ ដោយមិនអាចឈរមើលបានលោក ចាន់ សារិន ដែលជានាយកប្រតិបត្តិនៃអង្គការ ជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ និងជាប្រធានបណ្តាញអូទីស្សឹមកម្ពុជា បានធ្វើការប្រកាសនៅលើបណ្តាញសង្គម ដើម្បីឲ្យអាណាព្យាបាលមានការប្រុងប្រយ័ត្នចៀសវាងការចាញ់បោកចំណាយថវិកាច្រើនដោយមិនមានមូលដ្ឋានច្បាស់លាស់។

ដោយលោក ចាន់ សារិន បានសរសេររៀបរាប់យ៉ាងដូច្នេះថា​​៖ “ថ្មីៗនេះ ខ្ញុំកត់សំគាល់ឃើញថា មានផលិតផលខ្លះដាក់លក់តាម Online ដែលខ្ញុំមិនទាន់បញ្ចេញឈ្មោះ គេនិយាយថា ប្រើផលិតផលគេទៅ អាចអោយកុមារដែលមានអូទីស្សឹម ទៅជាលក្ខណៈធម្មតាវិញ ទំនងជាគេចង់និយាយថា ផលិតផលគេ អាចព្យាបាលកុមារអូទីស្សឹមបាន។ ក្នុងនាមខ្ញុំជាប្រធានបណ្តាញអូទីស្សឹមកម្ពុជា ខ្ញុំបានជម្រាបដល់អាណាព្យាបាលកុមារអូទីស្សឹមបន្ថែមតាមអ្នកសារព័ត៌មានយ៉ាងច្បាស់ថា មកទល់នឹងពេលនេះ មិនទាន់មានអ្នកវិទ្យាសាស្រ្តណាមួយដែលអាចហ៊ានចេញមុខមកនិយាយពីមូលហេតុពិតប្រាកដដែលបណ្តាលអោយកុមារមានអូទីស្សឹម ឬ និយាយពីការព្យាបាលកុមារដែលមានអូទីស្សឹមនៅឡើយទេ។ ហេតុនេះ សូមអាណាព្យាបាលទាំងឡាយគួរតែស្វែងរកអ្នកឯកទេសដើម្បីពិគ្រោះយោបល់ មុននឹងសម្រេចចិត្តទិញផលិតផលណាមួយដើម្បីប្រើប្រាស់ដល់កូនដែលមានអូទីស្សឹម ខ្ញុំពិតជាយល់ពីអារម្មណ៍របស់ឪពុកម្តាយដែលចង់អោយកូនវិលមករកភាពធម្មតាវិញ ក៏ប៉ុន្តែ ជួនកាលការចំណាយដោយមិនមានមូលដ្ឋានច្បាស់លាស់ វាអាចខាតពេលវេលា និងថវិកាទៅវិញ។ ដូចដែលខ្ញុំបានជម្រាបជូនជាច្រើនដងហើយថា មានតែសាលាដែលមានឯកទេសលើការអប់រំពិសេសទេ ទើបអាចជួយកុមារបានមួយផ្នែកធំ លើផ្នែកយល់ដឹងក្នុងការរស់នៅក្នុងសង្គម។ ខ្ញុំសូមស្នើដល់អ្នកលក់តាម Online ខ្លះ មេត្តាគិតគូរដល់សុខភាពកុមារអូទីស្សឹមផង កុំព្រោះតែចង់បានលុយគេ ហើយបំប៉ោងព័ត៌មាន ប្រយ័ត្នមានទោស បើសិនជាអស់លោកនៅតែមិនព្រមកែលម្អទៀត ខ្ញុំនឹងស្នើសូមទៅក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន ក្រសួងពាណិជកម្ម និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ សូមអរគុណដែលបានយោគយល់”៕