ស្នងការខេត្តព្រះសីហនុ ធ្វើការឆ្លើយតបជុំវិញករណី មានការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសតាមបណ្តាសណ្ឋាគារ និងកាសុីណូ ដោយមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ

កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការឆ្លើយតបពាក់ព័ន្ធទៅនឹងករណី ជ្រើសរើសសន្តិសុខឯកជនជាជនបរទេសតាមបណ្តាសណ្ឋាគារ និងកាសុីណូ ដែលមិនបានឆ្លងកាត់ច្បាប់ទម្លាប់ត្រឹមត្រូវ។ លោក ជួន ណារិន្ទ បានឲ្យដឹងថានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដោយមានសារព័ត៌មាន និងការផ្សព្វផ្សាយពីបណ្តាញសង្គមមួយចំនួនតូច ពាក់ព័ន្ធលើករណី មានការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសតាមបណ្តាសណ្ឋាគារ កាសុីណូ ដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះ លោកក៏បានដាក់បទបញ្ជារ អោយលោកឧត្តមសេនីយន៍ត្រី សៅ ស៊ាន ស្នងការរងទទួលផែន សន្តិសុខ ចុះទៅស្រាវជ្រាវ ហើយបានកោះហៅម្ចាស់អ្នកទទួលខុសត្រូវទីតាំងសណ្ឋាគារ និងកាសុីណូ យុីហោ តុង យៀង ស្ថិតក្នុង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ អោយមកចូលបំភ្លឺពាក់ព័ន្ធករណីខាងលើ ហើយក៏បានធ្វើកិច្ចសន្យាអោយបញ្ឈប់ការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសដោយពុំមានការឆ្លងកាត់ជ្រើសរើសច្បាប់ទម្លាប់ និងខុសពីបទដ្ឋានផ្លូវច្បាប់នេះ ត្រូវបញ្ឈប់ជាបន្ទាន់។

ក្នុងការបំភ្លឺនោះដែរ លោកស្រី Liu Jie ជនជាតិចិន កាន់លិខិតឆ្នលងដែនលេខ E16770074 ជាបុគ្គលិកផ្នែកទំនាក់ទំនង ហើយជាតំណាងអោយសណ្ឋាគារ កាសុីណូអន្តរជាតិ តុង យៀង នេះ បានបំភ្លឺថា ការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសនេះគឺធ្វើឡើងបានចំនួនមួយថ្ងៃក៏រំសាយទៅវិញ ហើយបច្ចុប្បន្នពុំមានសិន្តិសុខឯកជនជាជនបរទេសមិនស្របតាមបទដ្ឋានច្បាប់នោះទេ។

លោកស្រីក៏បានសន្យាថា នឹងពាំនាំការណែនាំរបស់សមត្ថកិច្ចខេត្ត ទៅកាន់ថៅកែរបស់ខ្លួន ដែលជាម្ចាស់ទីតាំងអោយជ្រាបជាព័ត៌មាន និងសន្យាថានឹងសហការល្អជាមួយសមត្ថកិច្ចខេត្ត និងមិនអោយមានសន្តិសុខឯកជនផ្ទាល់ខ្លួន ដែលមិនបានឆ្លងកាត់ច្បាប់ទម្លាប់តទៅទៀតទេ ចាប់ពីពេលនេះតទៅ។

លោក ជួន ណារិន្ទ ក៏បានសំណូមពរអោយម្ចាស់ផេកផ្សេងៗ ដែលពាក់ព័ន្ធសូមអធ្យាស្រ័យឈប់បង្ហោះផ្សាយពាក់ព័ន្ធករណីនេះទៀត ព្រោះថាសមត្ថកិច្ចបានកោះហៅតំណាងម្ចាស់ទីតាំងមកធ្វើកិច្ចសន្យារួចរាល់តាំងពីថ្ងៃទី២៩ ខែមេសា រួចហើយ៕

ប្រភព៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ