គ្រាប់កាំភ្លើងចំនួន៥គ្រាប់ របស់មន្រ្តីនគរបាលក្រសួងមហាផ្ទៃ ដែលបាញ់ប្រហារទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធ នៅពេលនេះធ្វើឲ្យស្រ្តីជាប្រពន្ធ រលូតកូន៣ខែក្នុងផ្ទៃ

(ភ្នំពេញ)៖ រូបភាពកាន់តែរន្ធត់និងតក់ស្លុកជាខ្លាំងនូវទង្វើដ៏សាហាវរបស់បុគ្គល ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបានបាញ់ប្រហារចំនួន៥គ្រាប់ ប៉ងបញ្ចប់ជីវិត២នាក់ប្ដីប្រពន្ធនៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះ បើទោះបីអ្នកទាំងពីរភ្លាមៗមិនបានរងរបួសរូបរាងកាយក៏ពិតមែន ប៉ុន្ដែគ្រាប់កាំភ្លើង៥គ្រាប់នោះ បានធ្វើឲ្យស្ដ្រីជាប្រពន្ធរងគ្រោះបាត់បង់កូននៅក្នុងផ្ទៃ ដែលទើបនឹងមានអាយុ៣ខែ ដោយសារភាពកត់ស្លុតខ្លាំងពេកនូវស្នូរគ្រាប់កាំភ្លើងលឺដូចរន្ទះ ដែលបាញ់ទម្លុះកញ្ចក់រថយន្ដសម្ដៅមកខ្លួន។

បុរសជាប្ដីបានថ្លែងទាំងសំឡេងក្ដុកក្ដួល ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះថា ភរិយារបស់លោក ពិតជាបានរលូតកូននៅក្នុងផ្ទៃ ដែលទើបមានអាយុ៣ខែប្រាកដមែន ដោយសារតែភរិយាលោកមានអារម្មណ៍កត់ស្លុត និងភិតភ័យជាខ្លាំង ជាមួយនឹងស្នូរគ្រាប់កាំភ្លើង៥គ្រាប់ផ្ទួនៗ ដែលបាញ់ដោយបុគ្គល ឌួង ណាគ្រី ទម្លុះកញ្ចក់រថយន្ដពីក្រោយដោយសម្ដៅបាញ់មកលើរូបលោក និងភរិយា។

លោក ភូរិស្ស ស្តូរ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ភរិយារបស់ខ្ញុំបានរលូតកូនបន្ទាប់ពីកើតហេតុ ហើយភ្លាមៗគាត់សន្លប់បាត់បង់ស្មារតី ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ លុះត្រឡប់មកដល់ផ្ទះវិញ គាត់បានធ្លាក់ឈាមទើបដឹងថារលូតកូននៅក្នុងផ្ទៃ ដែលមានអាយុ៣ខែ។ តែឥលូវសុខភាពគាត់បានធូរស្រាលបន្ដិចហើយ»។

យ៉ាងណាក៏ដោយ សម្រាប់ករណីនេះលោកក៏បានសម្ដែងនូវការសោកស្ដាយផងដែរ ប្រសិនបើស្ថាប័នតុលាការមិនចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទង្វើដ៏សាហាវរបស់ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃម្នាក់នេះ ព្រោះថាទង្វើនេះពិតជាសាហាវខ្លាំងណាស់ ប្រសិនបើចំរូបលោក និងភរិយាមិនទៅជាយ៉ាងណានោះទេ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ចេញប្រតិកម្មថា ករណីអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលស្រវឹងស្រាបើករថយន្តតាមរករឿង និងរហូតបាញ់រថយន្តជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ជាបទល្មើសព្រហ្មទណ្ឌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា «ការដាក់វិន័យចំពោះកំហុសរបស់មន្ត្រីនគរបាលណាម្នាក់ មិនរារាំងដល់ការអនុវត្តច្បាប់ របស់ស្ថាប័នតុលាការទេ ប្រសិនបើកំហុសនោះជាអំពើល្មើសព្រហ្មទណ្ឌ»។

សម្រាប់ករណីនេះមហាជននៅតែចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ចំពោះមន្រ្តីនគរបាលជានខ្ពស់ ដែលបានប្រព្រឹត្តបទល្មើសធ្ងន់បែបនេះ ត្រឹមទទួលរងការដាក់វិន័យ កងកម្លាំងទៅវិញ ខណៈដែលរឿងស្រដៀងនេះកាលពីពេលកន្លងទៅ និងធ្លាប់កើតមានឡើងនៅក្នុងសង្គម ជនបង្កត្រូវបានកាត់ទោសតាមច្បាប់។

លោក សែម សុតាន់ ប្រធាននាយកដ្ឋានតម្រួតបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក៏បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌរូបនេះ ត្រូវបានបញ្ជូនមកដល់កន្លែងរបស់លោកនៅល្ងាចម្សិលមិញ។ សម្រាប់ការដាក់វិន័យកងកម្លាំងនគរបាលជាតិ លោក សែម សុតាន់ មិនអាចធ្វើការអធិប្បាយនោះទេ ដោយបង្វែឲ្យទៅសួរនាំ លោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពីព្រោះលោកចាំតែធ្វើបានបទបញ្ជារបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews