ជនរងគ្រោះដែលរងការបាញ់ប្រហារដោយបុគ្គល ឌួង ណាគ្រី សម្ដែងការសោកស្ដាយបំផុតចំពោះអនុវត្តទោស ត្រឹមដាក់វិន័យកងកម្លាំង ហើយមិនបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់

(ភ្នំពេញ)៖ បើទោះបីទទួលបានសំណងរដ្ឋប្បវេណី ចំនួន ៨,០០០ដុល្លារ ពីបុគ្គល ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបាញ់ប្រហារប៉ងបញ្ចប់ជីវិតខ្លួនក៏ពិតមែន ប៉ុន្ដែជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ នៅតែសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការអនុវត្តទោសបុគ្គលរូបនេះ ត្រឹមតែដាក់ពិន័យកងកម្លាំង ហើយមិនបញ្ជូនសំណុំរឿង ទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

បុរសជាប្ដីដែលស្ថិតក្នុងហេតុការណ៍នេះពីរនាក់ប្រពន្ធ បានអះអាងថា ខ្លួនទទួលយកសំណងនេះក៏ព្រោះតែមិនចង់វែងឆ្ងាយ ជាមួយជនបង្ក តែយ៉ាងណាស្ថាប័នមានសមត្ថកិច្ច ក៏ត្រូវតែអនុវត្តវិធានការច្បាប់ចំពោះអ្នកបង្កដែរ ព្រោះថាប្រសិនបើគ្រាប់កាំភ្លើងនោះហោះទៅត្រូវខ្លួន និងប្រពន្ធ ម្ល៉េះប្រហែលមិនមានជីវិតរស់នៅបន្ដទៀតនោះទេ។

លោក ភូរិស្ស ស្តូរ៉ាន់ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «ខ្ញុំក៏សោកស្ដាយពាក់ព័ន្ធនឹងការអត់បញ្ជូនទៅតុលាការ អនុវត្តទៅតាមច្បាប់ដែរ បែរជាឃើញដាក់ត្រឹមអនុវត្តវិន័យកងកម្លាំង»។

លើសពីនេះ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បានអំពាវនាវដល់ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ជួយពិនិត្យ និងមើលករណីនេះផង ព្រោះថាអាយុជីវិតរបស់មនុស្សមានតម្លៃណាស់ មិនគួរណាឲ្យគាត់ (បុគ្គល ឌួង ណាគ្រី) បាញ់បោះសេរីបែបនេះឡើយ។ លោកបញ្ជាក់ថា «ខ្ញុំក៏ចង់ឲ្យថ្នាក់ដឹកនាំធំៗ គាត់ពិនិត្យមើលពាក់ព័ន្ធករណីនេះ ព្រោះអាយុជីវិតរបស់ខ្ញុំដល់ទៅ៣នាក់ ហើយបើគាត់នៅបន្ដបាញ់បោះសេរី ត្រឹមតែបង់លុយ ហើយទទួលពិន័យតិចតួច មនុស្សហ្នឹងនៅបន្ដបែបនេះ»។

ទង្វើដ៏សាហាវរបស់បុគ្គល ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបានបាញ់ប្រហារចំនួន៥គ្រាប់ ប៉ងបញ្ចប់ជីវិត២នាក់ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះ បើទោះបីអ្នកទាំងពីរភ្លាមៗ មិនបានរងរបួសរូបរាងកាយក៏ពិតមែន ប៉ុន្ដែគ្រាប់កាំភ្លើង៥គ្រាប់នោះ បានធ្វើឲ្យស្ដ្រីជាប្រពន្ធរងគ្រោះបាត់បង់កូននៅក្នុងផ្ទៃ ដែលទើបនឹងមានអាយុ៣ខែ ដោយសារភាពកត់ស្លុតខ្លាំងពេកនូវស្នូរគ្រាប់កាំភ្លើងលឺដូចរន្ទះ ដែលបាញ់ទម្លុះកញ្ចក់រថយន្ដសម្ដៅមកខ្លួន។

សម្រាប់ករណីនេះ រហូតដល់ថ្ងៃទី០៣ ខែឧសភានេះ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បានបញ្ជាឲ្យព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ឌួង ណាគ្រី ដែលប៉ងបាញ់សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។

មហាជននៅតែចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ចំពោះមន្រ្តីនគរបាលជានខ្ពស់ ដែលបានប្រព្រឹត្តបទល្មើសធ្ងន់បែបនេះ ត្រឹមទទួលរងការដាក់វិន័យ កងកម្លាំងទៅវិញ ខណៈដែលរឿងស្រដៀងនេះកាលពីពេលកន្លងទៅ និងធ្លាប់កើតមានឡើងនៅក្នុងសង្គម ជនបង្កត្រូវបានកាត់ទោសតាមច្បាប់។

លោក សែម សុតាន់ ប្រធាននាយកដ្ឋានតម្រួតបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក៏បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌរូបនេះ ត្រូវបានបញ្ជូនមកដល់កន្លែងរបស់លោកនៅល្ងាចម្សិលមិញ។ សម្រាប់ការដាក់វិន័យកងកម្លាំងនគរបាលជាតិ លោក សែម សុតាន់ មិនអាចធ្វើការអធិប្បាយនោះទេ ដោយបង្វែឲ្យទៅសួរនាំ លោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពីព្រោះលោកចាំតែធ្វើបានបទបញ្ជារបស់ថ្នាក់ដឹកនាំប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews