ទីបំផុត! មន្រ្តីនគរបាល ឌួង ណាគ្រី ត្រូវបានបញ្ជូនទៅដល់តុលាការហើយ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយបាញ់ប៉ងសម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ

(ភ្នំពេញ)៖ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោកវរសេនីយ៍ទោ ឌួង ណាគ្រី ត្រូវបានបញ្ជូនទៅដល់ សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោងប្រមាណជាង៤៖៣០នាទីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ដែលបាញ់ប្រហារប៉ងសម្លាប់ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យចាប់បញ្ជូន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណាគ្រី ទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «នៅពេលនេះខ្ញុំបានបញ្ជាឲ្យនាំខ្លួន ឌួង ណាគ្រី ទៅកាន់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយនៅបន្ដិចទៀតនេះ»។

ចំណាត់ការរបស់អគ្គស្នងការនគរបាលជាតិ នឹងទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន ជាពិសេសផ្ដល់យុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ ដែលរងការបាញ់ប៉ងសម្លាប់ទាំងពីរនាក់ប្ដីប្រពន្ធ៕ ផ្តល់សិទ្ធិដោយ៖ Freshnews