មហាជនសាទរយ៉ាងខ្លាំងក្លាចំពោះចំណាត់ការនាយឧត្តមសេនីយ៍ នេត សាវឿន ដែលបញ្ជាឲ្យចាប់វៃខ្នោះបញ្ជូន ឌួង ណាគ្រី ទៅតុលាការដើម្បីកាត់ទោស

(ភ្នំពេញ)៖ ចំណាត់ការដ៏ម៉ឺងម៉ាត់ចាប់បញ្ជូនអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឌួង ណាគ្រី ទៅកាន់តុលាការនារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលការ សាទរយ៉ាងខ្លាំងខ្លា ពីសំណាក់មហាជនទូទៅ និងទាំងនៅលើបណ្ដាញសង្គម Facebook ដោយពួកគេលើកឡើងស្រដៀងៗគ្នា ថា យុត្តិធម៌ពិតជាមានសម្រាប់ជនរងគ្រោះ។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបញ្ជូនលោក ឌួង ណាគ្រី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ ពាក់ព័ន្ធបទល្មើសការបាញ់ប៉ងសម្លាប់ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ កាលពីប៉ុន្មានថ្ងៃមុននេះ។

ពលរដ្ឋម្នាក់បានបញ្ចេញទស្សនៈនៅលើបណ្ដាញសង្គម Facebook ថា «គាំទ្រឯកឧត្ដមអគ្គនគរបាលជាតិ តែខ្ញុំសែនឆ្ងល់ថា គ្រាន់តែជនល្មើសម្នាក់សោះ ហើយជាបទល្មើសជាក់ស្តែងទៀត តែដូចហាក់ដូចជាអូសឫស្សីបញ្ច្រាសចុង ចង់ខ្លាំងជាងអ្នកមានអភ័យឯកសិទ្ធិទៀត ថ្នាក់លើទៅជានាំគ្នាការពារជនល្មើស ការពារធនធានមន្ត្រីពាល ស្តាយស្រណោះម្ល៉េះ? បើថ្នាក់ដឹកនាំម្នាក់ៗ រក្សាវប្បធម៌និទណ្ឌភាព ម្តងហើយម្តងទៀតបែបនេះ កាលបានប្រទេសមួយនេះ អាចទៅជាប្រទេសនីតិរដ្ឋបាន ១០០ឆ្នាំទៀតមិនដឹងយ៉ាងណាផង?»។

ពលរដ្ឋម្នាក់ទៀតបាននិយាយថា «សន្លឹកឆ្នោតរបស់ខ្ញុំពិតជាមានដម្លៃមែន មិនធ្វើឱ្យខ្ញុំ និងប្រជាជនកម្ពុជាខកចិត្តទ្បើយ»។ ដោយឡែកម្នាក់ទៀតថា «គាំទ្រចំណាត់ការរបស់លោកនាយឧត្តមសេនីយ៍ ដើម្បី ភាពយុត្តិធម៌ ក្នុងសង្គម។ នេះជាសន្តិភាពផ្លូវចិត្ត ដែលពលរដ្ឋគ្រប់ៗរូប ប្រាថ្នាចង់បាន។ អរគុណលោកនាយឧត្តមសេនីយ៍ម្តងទៀត»។

ប្រជាពលរដ្ឋម្នាក់ទៀតក៏បានបញ្ចេញទស្សនៈផងដែរថា «អបអរសាទរធ្វើតាមច្បាប់ កុំឲ្យចេះតែហ៊ានប្រទេសមានច្បាប់ត្រឹមត្រូវ និងម្នាក់ទៀត ក៏ឣបឣរសាទរចំពោះការឣនុវត្តច្បាប់របស់ នាយឧត្តមសេនីយ៌ នេត សាវឿន។ សូមឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់មិនប្រកាន់ឋានៈ»។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «នៅពេលនេះខ្ញុំបានបញ្ជាឲ្យនាំខ្លួន ឌួង ណាគ្រី ទៅកាន់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយនៅបន្ដិចទៀតនេះ»។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមដំណើររឿង ជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន ៥គ្រាប់។ ក្រោយបាញ់ហើយ ជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង៕ ផ្តល់សិទ្ធិដោយ៖ Freshnews