កម្ពុជានឹងចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានជាង៣០លានដុល្លារពីភាគីបារាំង សម្រាប់ការធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (ឥណទានមានការប្រាក់ទាប) ដែលមានទឹកប្រាក់២៩.១លានអឺរ៉ូ ដែលស្មើនឹងប្រហែលជាង៣០លានដុល្លារអាមេរិក ដើម្បីយកទៅអនុវត្តន៍គ្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី។

ការចុះកិច្ចព្រមព្រៀងថ្មីនេះ នឹងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួង ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ពី «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន៖ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍» នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភានេះ។

កិច្ចព្រមព្រៀងហិរញ្ញប្បទានមានការប្រាក់ទាបនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក លោក Remi Riou នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «ក្រៅពីកិច្ចប្រជុំ តាមការគ្រោងទុក អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងទឹកប្រាក់ចំនួន ២៩.១លានអឺរ៉ូ ដែលគម្រោងនេះមានទិសដៅក្នុងការពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានការវិវន្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា»។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋបារាំង, នាល្ងាចថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន៖ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ (Sustainable Debt for Sustainable Growth: Sound Financing for Development)» នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

កិច្ចប្រជុំជាន់ខ្ពស់នេះ នឹងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ, ទេសាភិបាលធនាគារកណ្តាល, ប្រធានស្ថាប័នអន្តរជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងពីស្ថាប័នហិរញ្ញវត្ថុឯកជនធំៗ មកពីតាមបណ្តាប្រទេសប្រមាណ ៦០ លើពិភពលោករួមមាន៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំងដែលជាម្ចាស់ផ្ទះ, រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក, ជប៉ុន និងទេសាភិបាលធនាគារកណ្តាលចក្រភពអង់គ្លេសជាដើម។

ក្រោមប្រធានបទ «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន: ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍» កិច្ចប្រជុំ គ្រោងនឹងផ្តោតការពិភាក្សា ទៅលើប្រធានបទសំខាន់រួមមាន៖ យុទ្ធសាស្រ្តក្នុងការបំពេញតម្រូវការ ហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច របស់ប្រទេសនីមួយៗ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយរួមទាំងហិរញ្ញប្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរ ព្រមទាំង វិធីសាស្រ្តដែលប្រទេសមានតម្រូវការហិរញ្ញប្បទាន សម្រាប់អភិវឌ្ឍន៍ អាចអនុវត្តបានដោយជៀសវាងនូវការជំពាក់ បំណុលច្រើនហួសហេតុ៕

ផ្តល់សិទ្ធិដោយ៖ Freshnews