Boeing ទៀតហើយ! យន្តហោះរបស់អាកាសចរណ៍ Miami Air បានធ្លាក់ទៅក្នុងទន្លេមួយរបស់រដ្ឋ Florida

យន្តហោះដឹកមនុស្សយ៉ាងហោចណាស់ ១៤០នាក់ បានធ្លាក់ចូលទៅក្នុងទន្លេមួយនៅទីក្រុង Jacksonville នៃរដ្ឋ Florida សហរដ្ឋអាមេរិក។ យន្តហោះនោះត្រូវបានគេឱ្យដឹងថា ជាយន្តហោះ Boeing 737 ចេញដំណើរមកពីឆកសមុទ្រ Guantanamo មុនពេលដែលវាធ្លាក់ចូលទៅក្នុងទន្លេ St Johns នៅម៉ោង ១០យប់ ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក)។ ក្រុមអគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ដោយលោកអភិបាលក្រុង Jacksonville លោក Lenny Curry បានបញ្ជាក់ថា ពុំមាននរណាម្នាក់ស្លាប់នោះទេ។

លោកបាននិយាយថា ក្រុមការងារកំពុងធ្វើការដើម្បីគ្រប់គ្រងប្រេងឥន្ធនៈរបស់យន្តហោះដែលចូលទៅក្នុងទឹក។ បើទោះបីជារបាយការណ៍ដំបូងពីចៅហ្វាយក្រុងបានឱ្យដឹងថា យន្តហោះនេះគឺជាជើងហោះហើរពាណិជ្ជកម្មក៏ដោយ ប៉ុន្តែវាត្រូវបានគេបញ្ជាក់ថា ជារបស់អាកាសចរណ៍ Miami Air ។ យ៉ាងណាមិញក្រុមមន្ត្រីមិនទាន់បានបកស្រាយអំពីមូលហេតុ ដែលបណ្តាលឱ្យវាធ្លាក់នៅឡើយទេ គ្រាន់តែពេលនេះយើងអាចដឹងថា ពុំមាននរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិត៕

ផ្តល់សិទ្ធិដោយ៖ Khmer Note