ក្រសួងយុត្តិធម៌ នឹងពិនិត្យសំណើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត សម្រាប់បុណ្យពិសាខបូជា នៅចន្ទអាទិត្យក្រោយនេះ

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នឹងចាប់ផ្តើមប្រជុំត្រួតពិនិត្យលើសំណើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត សម្រាប់បុណ្យពិសាខបូជា នៅចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ សំណើនោះ ត្រូវបានលើកឡើងដោយ ពន្ធនាគាររាជធានី-ខេត្ត ចំនួន២២ និងមណ្ឌលអប់រំកែប្រែចំនួន០៣។ នេះបើតាមការប្រកាសរបស់ក្រសួងយុត្តិធម៌។

កិច្ចប្រជុំខាងមុខនេះ នឹងដឹកនាំដោយ លោក អង្ស វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

តាមការផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ គឺសម្រាប់បុណ្យពិសាខបូជា គណៈកម្មការរាជធានី-ខេត្ត (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២២ និងមណ្ឌលអប់រំកែប្រែចំនួន០៣ ) បានធ្វើលិខិតស្នើអនុគ្រោះទោសដល់ទណ្ឌិត សរុប ២៥២រូប ក្នុងនោះស្រី១៦ រូប។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងពិនិត្យលក្ខណៈសម្បត្តិទណ្ឌិតទាំងនោះ ហើយធ្វើសេចក្តីសម្រេចចុងក្រោយ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើសំណើថ្វាយព្រះមហាក្សត្រ ដើម្បីសុំលើកលែងទោស និងបន្ធូរបន្ថយទោស។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំៗ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកផងដែរ។

កាលពីអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាក៏បានបន្ធូរបន្ថយទោសដល់ទណ្ឌិត៤២រូប និងលើកលែងទោសដល់ទណ្ឌិត៨រូបផងដែរ៕

ផ្តល់សិទ្ធិដោយ៖ Freshnews