គ្រូពេទ្យសល់ពីសម័យប៉ុលពតម្នាក់ ចាក់ថ្នាំឲ្យអ្នកឈឺបំពង់.ក១ម្ជុល ប្រកាច់ស្លាប់ភ្លាមៗ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារមានគ្រូពេទ្យឯកជនម្នាក់ បានចាក់ថ្នាំបុរសម្នាក់មួយម្ជុលដែលឈឺបំពង់ក បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង១២៖០៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ។ ជនរងគ្រោះរូបនេះ មានអាការឈឺបំពង់កពីរថ្ងៃមកហើយពុំបាត់ ទើបហៅគ្រូពេទ្យឯកជនឈ្មោះ ព្រាប សេ ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ មកចាក់ថ្នាំឲ្យ។

ខណៈពេលដែលពេទ្យមកដល់បានបូមថ្នាំមួយសឺរ៉ាង ហើយចាក់ទៅលើជនរងគ្រោះឈ្មោះ ប៊ុន ម៉ាប់ មិនទាន់ទាំងអស់ពីសឺរ៉ាង ស្រាប់តែជនរងគ្រោះមានអាការរមាស់ក្រហលក្រហាយ រួចបានប្រកាច់ដាច់ខ្យល់ស្លាប់តែម្ដង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយសារប្រតិកម្មថ្នាំ។

ចំណែកឯជនសង្ស័យជាគ្រូពេទ្យឯកជន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរចាត់ការទៅតាមនីតិវិធី។

ចំពោះករណីគ្រូពេទ្យចាក់ថ្នាំស្លាប់មនុស្សនេះ បើតាមប្រជាពលរដ្ឋនៅឃុំសំឡីបានឲ្យដឹងថា គ្រូពេទ្យឈ្មោះ ព្រាប សេ គាត់ចេះជំនាញពេទ្យនេះ ពុំមានសាលាច្បាស់លាស់នោះទេ ដោយចេះចាក់ថ្នាំតាំងពីសម័យប៉ុលពតមកម្ល៉េះ។ គ្រូពេទ្យម្នាក់នេះ បន្តអាជីពរហូតដល់បច្ចុប្បន្ន។ កន្លងមកធ្លាប់ត្រូវបានមន្ត្រីជំនាញហៅមកអប់រំផងដែរ តែគាត់នៅតែដើរព្យាបាលគេដដែល ទើបភ្លាត់ស្នៀតចាក់ថ្នាំបណ្តាលឲ្យស្លាប់មនុស្សតែម្តង៕

ផ្តល់សិទ្ធិដោយ៖ Freshnews