អ្នកដឹកនាំសម្តែងនៅផលិតថោន​ ទម្លាយខ្ទេចនូវចរិតអ្នកសិល្បៈ មានទាំងអ្នកបានល្បីបន្តិចតួរងថតមិនកើត បានតែតួ​ឯក

កាលពីពេលថ្មីៗនេះអ្នកដឹកនាំសម្ដែងក្នុង ផលិតកម្មថោន លោក វ៉ាត លីម៉េង បានធ្វើការទម្លាយខ្ទេចនូវចរិតអ្នកសិល្បៈទាំងតារាចម្រៀង និងតារាសម្តែង ដែលលោកបានជួបអស់រយៈពេលជាច្រើនឆ្នាំ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្វីដែលលោក វ៉ាត លីម៉េង បានបង្ហោះភាគច្រើនអ្នកសិល្បៈពេលបានល្បីលែងមានទំនួលខុសត្រូវក្នុងការងារ និងបាត់បង់អស់នូវសីលធម៌ក្នុងការសំពះ ជាពិសេសមិនគោរពម៉ោងការងារ។

ដោយលោក វ៉ាត លីម៉េង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “អ្វីដែលខ្ញុំសង្កេតឃើញពីចរិតអ្នកសិល្បៈភាគច្រើន ក្រោយពីធ្វើការសិល្បៈបានរយៈពេល២០ឆ្នាំកន្លងមកនេះជាមួយផលិតកម្មទាំងតូចទាំងធំ ៦ផលិតកម្មផ្សេងគ្នា។

-អ្នកចម្រៀង : ពេលមិនទាន់ល្បី គឺថាលើកដៃជំរាបសួរយើងតាំងពីចម្ងាយក៏មាន យកចិត្ត យកថ្លើមយើង ព្រោះយើងជាអ្នកដឹកនាំសម្តែង អាចជួយអោយគាត់រឹតតែល្បី ដល់ពេលល្បីគឺថាលើកដៃជំរាបសួរយើងអត់កើតដូចមុនទេ ប្រហែលជាគាត់កើតបូសក្លៀកហើយមើលទៅ។ អ្នកខ្លះពេលឃើញយើង គឺងក់ក្បាល និងញញឹមដាក់ មិនចង់អោយគាត់លើកដៃជំរាបសួរគ្រប់ពេលទេ គឺគ្រាន់តែចង់អោយគាត់ធ្វើអ្វីដែលគាត់ធ្លាប់ធ្វើពីមុនទៅបានហើយ ព្រោះវាក៏ជាទំលៀមទំលាប់របស់ខ្មែរយើងដែរ។​ បើនិយាយពីការងារវិញ ពេលយើងធ្វើ MVបទគាត់ល្អ និងល្បី គឺថាគាត់កើបលុយរាប់មុឺនដុល្លារ តែសូម្បីពាក្សអរគុណយើងមួយម៉ាត់ក៏គ្មានដែរ ហើយសូម្បីពេលរដូវបុណ្យទានម្តងៗ មិនដែលទាំងផ្ញើសារជូនពរយើងផង(មិនអន់ចិត្តទេ ព្រោះវាជាការងារដែលយើងត្រូវធ្វើ ព្រោះសុីប្រាក់ខែផលិតកម្ម តែគ្រាន់តែចង់ដឹងពីទឹកចិត្តរបស់ពួកគាត់ប៉ុណ្ណោះ) ដល់ពេលយើងធ្វើMVបទគាត់អត់បានល្អ អត់ល្បី គឺថា ពេលជួបមុខគ្នាពេលខ្លះសឹងតែធ្វើមិនឃើញយើងផង បើនិយាយជាមួយយើងវិញគឺថាបែបចុងម៉ាត់ចុងក(បែបមិនអោយតំលៃ)។

-តារាសម្តែង : ពេលមិនទាន់ល្បី គឺថាលើកដៃជំរាបសួរយើងតាំងពីចម្ងាយក៏មាន យកចិត្ត យកថ្លើមយើង ដល់ពេលបានល្បី គឺថាពេលជួបយើង ធ្វើដូចចង់លើកដៃជំរាបសួរតិចអត់តិច ហើយបើអ្នកខ្លះ គឺថាធ្វើមិនឃើញយើង ចាំអោយយើងឃើញគាត់ហើយហៅគាត់មុនក៏មាន ហើយបើនិយាយពីការងារវិញ ពេលមិនទាន់ល្បី ណាត់ម៉ោង៧ព្រឹក គឺមកចាំតាំងពីម៉ោង៦ក៏មានដែរ។ ហើយបទអីក៏ថតដែរបង អោយតែបានថត ដល់ពេលល្បីគួរសមមានអ្នកឧបត្ថម្ភ ណាត់ម៉ោង៧ គឺថាមកម៉ោង៨ជាង រឺ៩ជាងក៏មានដែរ ហើយពេលហៅថត គឺសុទ្ធតែសួរថា ខ្ញុំដើរតួអីបង តួឯកបានខ្ញុំថត តួរងខ្ញុំអត់ថតទេ ហើយថតនៅក្តៅក៏អត់ថតដែរ ខ្លាចខូចស្បែក ថតដល់យប់ពេក ក៏អត់ថតដែរ។

ក្រោយធ្វើការសិល្បៈ២០ឆ្នាំកន្លងមកនេះ គឺខ្ញុំសង្កេតឃើញថា សង្គមសិល្បៈគឺជាសង្គមមួយដែលគួរអោយខ្លាច គឺពោរពេញទៅដោយការរាប់អានក្លែងក្លាយភាគច្រើនគឺរាប់អានសម្លឹងឃើញតែប្រយោជន៍ផ្ទាល់ខ្លួន អ្វីៗភាគច្រើនគឺសុទ្ធតែជាការសម្តែង និយាយល្អតែនៅនឹងមុខយើងទេ ក្រោយខ្នងយើងវិញ និយាយអាក្រក់ពីយើងឡើងហុយ។ ប៉ុន្តែមិនមែនទាំងអស់នោះទេ ក៏មានគេអ្នកល្អដែរ ហើយមិនមែនមានតែសង្គមសិល្បៈទេ សង្គមផ្សេងក៏ចឹងដែរ មានអ្នកល្អ និង អ្នកមិនល្អ នៅមានច្រើនចំណុចទៀត បើសរសេរក៏សរសេរមិនអស់ដែរប៉ុន្តែខ្ញុំនៅតែស្រឡាញ់អាជីពមួយនេះគ្មានថ្ងៃប្រែ”៕

ផ្តល់សិទ្ធិដោយ៖ Khmer Note