តុលាការចេញដីកាឃុំខ្លួនបុរសម្នាក់ ពីបទឆបោកប្រើសំឡេងថ្នាក់ដឹកនាំ និងឧកញ៉ាមួយចំនួន សុំថវិកាកសាងសមិទ្ធិផលនានាជូនប្រជាជនតាមមូលដ្ឋាន

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារ​ជាបណ្តោះអាសន្ន ដែលជនត្រូវចោទរូបនេះ បានប្រើឈ្មោះថ្នាក់ដឹកនាំ និងឧកញ៉ាមួយចំនួន ដើម្បីប្រមូលថវិកាយកទៅកសាងសមិទ្ធិផលនានាជូនប្រជាជនតាមមូលដ្ឋាន។ នេះបើយោងតាមដីការបស់លោកចៅក្រម រស់ ពិសិដ្ឋ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចកវិទ្យា បានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ រ៉ែម គង់នៅដារ៉ា ដែលមានការពាក់ព័ន្ធនឹងករណីឆបោក ដោយការទូរស័ព្ទ ក្លែងសំលេងជាឈ្មោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទៅប្រព្រឹត្តអំពើឆបោកទៅលើមន្ត្រីរាជការ និងបណ្តាឧកញ៉ាមួយចំនួន ដោយឲ្យចូលរួមថវិការឧបត្តម្ភដល់ការកសាងសមិទ្ធិផល ដូចជា សាលារៀន វត្តអារាម និងសន្យាធ្វើការផ្តល់ជាប័ណ្ណសសើរ មេដាយផ្សេងៗ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយចៅក្រមសើបសួរ នៃសាលាដំបូងរាជធានី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅក្រោមបទ «ឆបោកមានស្ថានទម្ងន់ទោស»៕ ផ្តល់សិទ្ធិដោយ៖ Freshnews