កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំប្រមាណ១គីឡូក្រាម

(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្ដិការបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំប្រមាណ១គីឡូក្រាម។

សេចក្ដីរាយការណ៍ពីខេត្តស្ទឹងត្រែង បានឲ្យដឹង ប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយថ្នាំញៀននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

បើតាមប្រភពព័ត៌មានដដែល បញ្ជាក់ថា ជនសង្ស័យជាមេក្លោងរូបនេះ ត្រូវបានបង្ក្រាបនៅចំណុចបេនឡានផ្លូវអាស៊ាន ភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖ Freshnews