ឯកឧត្តម នុត សវនា អ្នកនាំពាក្យពន្ធនាគារ ប្រតិកម្មឈុតអាវរបស់លោក គីម សាន ប្អូនប្រុសដេនី ក្វាន់ ដែលប្រើប្រាស់សញ្ញាសក្តិ របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណា

ឯកឧត្តម នុត សវនា អគ្គនាយក​រង នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក្រសួងមហាផ្ទៃ បានប្រតិកម្មនឹងការប្រើប្រាស់ឈុតអាវរបស់លោក គីម សាន ប្អូនប្រុសតារាសម្តែង ដេនី ក្វាន់ ដែលបានស្លៀកនៅក្នុងពិធីខួបកំណើតកាលពីពេលថ្មីៗនេះ ដោយមានសញ្ញាសក្តិ របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណា។

ដោយឯកឧត្តម នុត សវនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ការប្រើប្រាស់ សញ្ញាសក្តិ និងឯកសណ្ឋាន របស់ស្ថាប័នសាធារណៈ សុទ្ធតែត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ (លើកលែងតែសន្តិសុខខណ្ឌ ដែលជាកម្រិត មូលដ្ឋាន)។ ជាក់ស្តែង បើខ្ញុំមិនច្រលំទេ សញ្ញាសក្តិ និងស្លាកសញ្ញា ដែលនាយប្រុញកំពុងឡង់សេនេះជាប្រភេទត្រូវបានដាក់ឲ្យប្រើជាមួយអាវស ខោស ដោយមន្ត្រីជាន់ខ្ពស់ ថ្នាក់វរមន្ត្រី ឬឧត្តមមន្ត្រី របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បើពាក់ថតកុន ឬថតសារអប់រំ យើងគួរប្រើឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ តែបើយករបស់ផ្លូវការមកច្នៃតាមការរវើរវាយពេលពុលសារជាតិអ័រម៉ូន ឬបូថក់ វាអាចបង្កគ្រោះថ្នាក់ដល់ខ្លួន។ អញ្ចឹងហើយបានជាគេតែងតែទូន្មានថា “ពេលស្រវឹង សូមកុំបើកបរ”៕

ផ្តល់សិទ្ធិដោយ៖ Khmer Note