BREAKING NEWS: ជនជាតិចិនម្នាក់ ត្រូវចិនដូចគ្នាបាញ់សម្លាប់ ទម្លាក់ពីលើរថយន្ត នៅមុខសណ្ឋាគារខ្សាច់ស ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីផ្ទុះអាវុធមួយនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់នៅនឹងកន្លែង។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ្រ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធនេះប្រាកដមែន គឺករណីនេះសង្ស័យបង្កឡើងដោយបុរសម្នាក់ជនជាតិចិនដូចគ្នា ដោយបាញ់ជនរងគ្រោះទម្លាក់ពីរថយន្ត នៅមុខសណ្ឋាគារខ្សាច់ស ប៉ុន្តែលោកមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ដោយអះអាងថា សុំស្រាវជ្រាវសិន។

នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕

ផ្តល់សិទ្ធិដោយ៖ Freshnews