លោកស្រី រ៉ូណា ស្មីត កោតសរសើរក្រសួងសុខាភិបាល ដែលមានវឌ្ឍនភាពល្អក្នុងការពិនិត្យ និងផ្ដល់សេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានសម្ដែងការសប្បាយរីករាយ និងកោតសរសើរក្រសួងសុខាភិបាល ដែលមានវឌ្ឍនភាពល្អ ក្នុងការពិនិត្យ និងផ្ដល់សេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះរបស់លោកស្រី រ៉ូណា ស្មីត ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ នាទីស្ដីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកស្រី រ៉ូណា ស្មីត បានលើកឡើងពីចម្ងល់របស់ខ្លួនមួយចំនួនផងដែរ ពីនីតិវិធីការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ និងជំងឺផ្សេងៗរបស់អ្នកញៀន គ្រឿងញៀន, ការរក្សាការសម្ងាត់ដល់អ្នកជំងឺ, ការអនុវត្ដន៍របស់មន្ដ្រីសុខាភិបាល លើការយកលុយពីអ្នកជំងឺ និងឱសថក្លែងក្លាយជាដើម។

ជាការឆ្លើយតបរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «មន្ដ្រីតាមមណ្ឌលសុខភាពរបស់យើង បានខិតខំធ្វើការពង្រឹងនូវសមត្ថភាព និងមុខងារនៅតាម មណ្ឌលសុខភាពឱ្យមានលទ្ធភាព ក្នុងការផ្ដល់សេវាសុខភាព ដែលមកទល់នឹងបច្ចុប្ប្ននេះ មណ្ឌលសុខភាព សម្រាប់ព្យាបាល អ្នកញៀនគ្រឿងញៀន មានរហូតដល់ទៅជាង ៤០០មណ្ឌលសុខភាព បើធៀបជាមួយមណ្ឌលសុខភាពជាង ១ពាន់កន្លែង។ ដូច្នេះយើងជឿថា មណ្ឌលសុខភាពនេះ នឹងអាចគ្រប់គ្រង នឹងផ្ដល់សេវា ព្យាបាលជូនដល់អ្នកញៀនគ្រឿងញៀនបានគ្រប់គ្រាន់»។

រដ្ឋមន្ដ្រីបន្ដថាទៀតថា លើសពីនោះ «យើងបានខិតខំណាស់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ដើម្បីមានលទ្ធភាព ក្នុងការផ្ដល់សេវានៅតាមមណ្ឌលសុខភាពនេះ ។កន្លងមកនេះ ក្រោយពីយើងដាក់ចេញនូវគោលនយោបាយ ព្យាបាលអ្នកញៀនគ្រឿងញៀនផ្អែកទៅលើសហគមន៍ យើងឃើញថា អ្នកញៀនគ្រឿងញៀន បានមកពិនិត្យ ព្យាបាលដោយស្ម័គ្រចិត្ដនេះ មានកំណើនកើនឡើង»។

ជាងនេះទៅទៀត សម្រាប់អ្នកញៀនគ្រឿងញៀន ដែលពិនិត្យទៅមានជំងឺផ្សេងទៀត គឺយើងនឹងផ្ដល់ការព្យាបាលជូនគាត់ជាកញ្ចប់ទាំងម្ដងដោយឥតគិតថ្លៃ ដោយថ្លៃការព្យាបាល រាជរដ្ឋាភិបាល អ្នកទទួលបន្ទុក ដោយមិនរើសអើងអ្វីទាំងអស់ គឺរាល់អ្នកជំងឺមានសិទ្ធិស្មើគ្នា ក្នុងការផ្ដល់ប្រឹក្សា និងការព្យាបាល ហើយរាល់ការព្យាបាលយើងបានរក្សាការសម្ងាត់ណាស់ ។

រដ្ឋមន្ដ្រីបន្ដថា «សម្រាប់សេវាព្យាបាល គឺយើងមានការរៀបចំជាដំណាក់កាល គឺ ប្រជាពលរដ្ឋទៅប្រើប្រាស់សេវា ដោយប្រើបណ្ណ ប.ស.ស, បណ្ណក្រីក្រ និងប្រជាពលរដ្ឋ មានលទ្ធភាពបង់ថ្លៃសេវា ។តែក្នុងនោះ យើងក៏បានរៀបចំសម្រាប់ប្រជាពលរដ្ឋ ដែលគាត់ទៅព្យាបាលហើយ គាត់គ្មានប័ណ្ណបញ្ជាក់ ប.ស.ស ឬក្រីក្រ តែគាត់បានលើកឡើងថា គាត់ក្រ គ្មានលទ្ធភាពក្នុងការបង់ថ្លៃសេវា ចឹងក្រសួងមានប្រព័ន្ធមួយទៀត គឺនាំគ្នាអនុម័ត លើកលែងការបង់ថ្លៃសេវាព្យាបាល ដែលមកទល់នឹងពេលនេះ យើងបានអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួន»។

លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ពីករណី ប្រសិនបើមានមន្ដ្រីខិលខូច គាស់យកលុយពីអ្នកជំងឺ ក្នុងករណីណាមួយនោះ ក្រសួងសុខាភិបាល មិនព្រងើយកន្ដើយនោះទេ នឹងចាត់វិធានការរដ្ឋបាលជាបន្ទាន់ ហើយក្នុងករណីទាំងនោះ អ្នកជំងឺអាចរាយការណ៍បានគ្រប់ពេល មកដល់អ្នកគ្រប់គ្រងនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីដោះស្រាយ ។

ទន្ទឹមនឹងនោះ លោកស្រី រ៉ូណា ស្មីត ក៏បានស្វែងយល់ច្បាស់ និងសម្ដែងការសប្បាយរីករាយ ជាមួយនឹងការកោតសរសើរ ពីវឌ្ឍនភាព របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង។

លោកស្រី រ៉ូណា ស្មីត បានមកដល់កម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ច១១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល១១ អ្នកជំនាញរូបនេះ បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតមួយចំនួនផងដែរ៕ ប្រភព៖ Freshnews