ឧកញ៉ា ទ្រី ភាព និងភរិយា ឧបត្ថម្ភកាកបាទក្រហមកម្ពុជា ៣០ម៉ឺនដុល្លារ ដើម្បីធ្វើសកម្មភាពមនុស្សធម៌

(ភ្នំពេញ)៖ លោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងភរិយាលោកស្រី គៀន ស្រីនាង បានបរិច្ចាគថវិកា ៣០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ។

ឧកញ៉ា ទ្រី ភាព ក៏ដូចជាសប្បុរសជនដទៃទៀត តែងតែបានបរិច្ចាគថវិការបស់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនេះ។ ឧកញ៉ា ទ្រី ភាព បានអះអាងថា ការបរិច្ចាគថវិកានេះ ក្នុងគោលបំណងរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីបានជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗទៀត។

លោកឧកញ៉ា បានបន្ថែមថា លោកឧកញ៉ា និងភរិយារីករាយក្នុងការបរិច្ចាគថវិកានេះ ព្រោះតាមរយៈកាកបាទក្រហមកម្ពុជា ជាពិសេសក្រោមការដឹកនាំ ដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌នៅកម្ពុជា ថវិកាកើតចេញពីទឹកចិត្តសម្បុរសធម៌របស់លោក និងភរិយា បានរួមចំណែក និងឆ្លើយតបចំសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរមានជីវភាពខ្សត់ខ្សោយ ជួបការលំបាក ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews