BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ស្នើផ្ទេរភារកិច្ចអភិបាលខេត្ដបន្ទាយមានជ័យ លោក សួន បវរ, តែងតាំងអភិបាលរង លោក អ៊ុំ រាត្រី ជំនួសវិញ

(ភ្នំពេញ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រធ្វើការផ្ទេរភារកិច្ច មកបម្រើការងារនៅក្រសួងមហាផ្ទៃ ដោយតែងតាំងអភិបាលរងម្នាក់ គឺលោក អ៊ុំ រាត្រី ជំនួសវិញ។ នេះបើយោងតាមមន្ដ្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា នៅថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ គោរពស្នើសុំផ្ទេរភារកិច្ចលោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី ហើយសូមគោរពសុំតែងតាំង លោក អ៊ុំ រាត្រី ជាអភិបាលខេត្តជំនួសវិញ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពស្នើសុំបញ្ចូល លោក គឹង វណ្ណៈ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ជាអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។

ជាការកត់សម្គាល់ ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ បានកើតមានឡើង ក្រោយពីលោក សួន បវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា៕ ផ្តល់សិទ្ធិដោយ៖ Freshnews