TOP NEWS: ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង ២០លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ពោលមានការកើនឡើងជាងឆ្នាំបានទទួលជាង ១៨លានដុល្លារប៉ុណ្ណោះ។

មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះឡើយ ការប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩នេះ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេសង្កេតឃើញថា សប្បុរសជនយ៉ាងច្រើនកុះករបានរួមគ្នាបរិច្ចាគ ថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយទ្រងទ្រង់សកម្មភាពមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា តែងតែបានធ្វើយ៉ាងសស្រាក់សស្រាំជារៀងរាល់ឆ្នាំនោះ។

សប្បុរសជនដែលបានបរិច្ចាគថវិកា គឺតាំងពីព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុននានា រួមទាំងសិល្បៈ សិល្បការិនី និងប្រជាពលរដ្ឋធម្មតាផងដែរ។ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ ព្រះមុនិនាថ នរោត្តម សីហនុ បានព្រះរាជទានថវិកាសរុប ៤ម៉ឺនដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ Freshnews