ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា៤លានរៀល ជូនបុរសហ៊ានប្រថុយជីវិតចូលភ្នក់ភ្លេីង ជួយសង្គ្រោះក្មេងស្រីម្នាក់

(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ បានជួយឧបត្ថម្ភថវិកាចំនួន ៤លានរៀល ជូនដល់បុរសម្នាក់ឈ្មោះ កង សំណាង ដែលហ៊ានប្រថុយជីវិត លោតចូលក្នុងភ្នក់ភ្លេីង កំពុងឆេះសន្ធោសន្ធៅ ដើម្បីជួយសង្គ្រោះក្មេងស្រីម្នាក់ ដែលជាប់ក្នុងរថយន្តកំពុងមានភ្លើងឆាបឆេះ បណ្តាលឲ្យរលាកភ្លើងរងរបួសដល់ខ្លួនឯងធ្ងន់ធ្ងរ។

លោកឧកញ៉ា ទៀ វិចិត្រ លេីកឡេីងថា ថវិកាចំនួន ៤លានរៀលនេះ គឺឧបត្ថម្ភជួយបុរសចិត្តល្អមួយរូប ដេីម្បីយកជួយដល់ការព្យាបាលរបួសផង និងជាការលើកទឹកចិត្ត ដល់សកម្មភាពជាប្រជាពលរដ្ឋល្អ ដែលហ៊ានប្រថុយជីវិត លោតចូលក្នុងភ្នក់ភ្លេីងជួយសង្គ្រោះក្មេងស្រីម្នាក់ កុំឱ្យរងគ្រោះដោយសារអណ្តាតភ្លើង។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ថ្លែងការគោរពកោតសរសើរ និងផ្តល់ការគោរពអស់ពីដួងចិត្ត ចំពោះសេចក្ដីក្លាហាន និងហ៊ានប្រថុយជីវិត របស់លោក កង សំណាង ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ដោយមិនគិតពីសេចក្តីស្លាប់ខ្លួនឯងនៅក្នុងភ្នក់ភ្លើង។

ថវិកាចំនួន៤លានរៀលនេះ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យក្រុមការងារនាំយកទៅប្រគល់ជូនក្រុមគ្រួសារ ក៏ដូចជាជនរងគ្រោះ ដោយផ្ទាល់ដៃ។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានផ្តាំផ្ញើជូនពរដល់បុរសចិត្តល្អ ដែលហ៊ានប្រថុយជីវិតជួយសង្គ្រោះជីវិតក្មេងស្រូពីក្នុងភ្នក់ភ្លើងរូបនេះ ឲ្យឆាប់ជាសះស្បើយ ពីជំងឺ ឬអាការៈរបួសរលាកភ្លើងពេញខ្លួនផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ មានហេតុការណ៍ផ្ទុះឆេះរថយន្តមួយគ្រឿងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ខណៈពេលមានភ្លើងឆេះរថយន្តមានក្មេងស្រីម្នាក់ដើរមកក្បែររថយន្ត លោក កង សំណាង ដែលស្ថិតនៅកន្លែងកើតហេតុ ក៏ស្ទុះទៅរុញក្មេងស្រីឱ្យទៅឆ្ងាយពីកន្លែងរថយន្តទីមួយដែលកំពុងឆាបឆេះឱ្យរួចផុតពីគ្រោះថ្នាក់។ ភ្លាមៗនោះរថយន្តមួយគ្រឿងទៀត បានផ្ទុះឡើង ហើយអណ្តាតភ្លើងឆាបឆេះពេញខ្លួន លោក កង សំណាង តែម្តង។

មនុស្សម្នាបានយកទឹកមកចាក់លើខ្លួនលោក កង សំណាង បន្ទាប់ពីនោះពេលនៅមានស្មារតី លោកក៏បានទៅថយរថយន្តខ្លួនឯងឱ្យផុតឆ្ងាយពីកន្លែងកើតហេតុ។ ពេលចុះពីលើរថយន្តមកវិញ អំណាចនៃការឆេះបានជះឥទ្ធិពលធ្វើឱ្យលោក កង សំណាង បាត់ស្មារតីតែម្តង។

បច្ចុប្បន្នលោក ឃុត សំណាង កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យយោធភូមិភាគទី៥ (ព.២) ខេត្តបាត់ដំបង ហើយកំពុងជួបការខ្វះខាតខ្លាំងក្នុងការសម្រាកព្យាបាលជំងឺ៕ ផ្តល់សិទ្ធិដោយ៖ Freshnews