News Update: ឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនកីឡាម្នាក់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ផ្ដើមចេញពីរឿងប្រចណ្ឌ

(កំពង់ស្ពឺ)៖ អំពើឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនកីឡាម្នាក់ នៅអនុវិទ្យាល័យតាំងរបង ស្ថិតនៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ដែលបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចអះអាងថា ផ្ដើមចេញពីរឿងប្រចណ្ឌ បន្ទាប់ពីអតីតប្រពន្ធរបស់ខ្លួន លួចមានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះ។

លោកគ្រូបង្រៀន តូច វាសនា នៅពេលដែលកំពុងហូបបាយថ្ងៃត្រង់ នៅកន្លែងកញ្ចុះក្នុងបរិវេណអនុវិទ្យាល័យតាំងរបង ត្រូវបានខ្មាន់កាំភ្លើងឈ្មោះ ជួន ធានីរាសី អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ បាញ់មួយគ្រាប់ ចំបំពុងកបណ្ដាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ប៉ុន្ដែខ្មាន់កាំភ្លើង ក្រោយពីរត់គេចខ្លួនបានប្រមាណ២០នាទី ក៏ត្រូវបានកម្លាំងនគរបាលតាមចាប់វាយខ្នោះ បញ្ជូនមកសួរនាំបន្ដ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្ដតាមនីតិវិធីច្បាប់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថា ចម្លើយសារភាពរបស់ជនសង្ស័យ ធ្លាប់មានគំនុំជាមួយជនរងគ្រោះយូរហើយ ដោយសារតែជនរងគ្រោះលួចទំនាក់ទំនងស្នេហា ជាមួយអតីតប្រពន្ធរបស់ខ្លួន ដែលបានលែងលះគ្នាអស់រយៈពេលប្រមាណ៥ខែមកនេះ។

លោកបន្ដថា ជនសង្ស័យបច្ចុប្បន្នធ្វើជាជាងមាស នៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ហើយកាលពីព្រឹកមិញ បានជិះម៉ូតូ គុបជ្រុងមួយគ្រឿង ជាមួយកាំភ្លើងខ្លីម៉ាក K54 មកកាន់ខេត្តកំពង់ស្ពឺ។ ពេលមកដល់ខេត្តកំពង់ស្ពឺ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះ ថាបង្រៀននៅសាលាណា រួចរូបគេក៏បានឆែកមើលផែនទីតាមទូរស័ព្ទ ក៏ជិះម៉ូតូទៅដល់អនុវិទ្យាល័យតាំងរបង ហើយដើរចូលទៅក៏បាញ់ជនរងគ្រោះនៅចម្ងាយប្រហែល២ម៉ែត្រ បណ្ដាលឲ្យត្រូវមួយគ្រាប់ ស្លាប់ភ្លាមៗតែម្ដង ខណៈដែលជនរងគ្រោះតែហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗនៅក្នុងសាលានោះផ្សេងទៀត។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យហាក់ជាមនុស្សម្នាក់ធ្លាប់ប្រើប្រាស់កាំភ្លើង ពីព្រោះរូបគេបានបញ្ចូលគ្រាប់រួចជាស្រេច និងនៅក្នុងបង់៨គ្រាប់ទៀត បាញ់ជនរងគ្រោះ ប៉ុន្ដែផ្ទុះតែមួយគ្រាប់ កុំអីគ្រូបង្រៀនផ្សេងទៀត ក៏អាចរងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ តាមចម្លើយជនសង្ស័យ រូបគេថានឹងបាញ់អតីតប្រពន្ធរបស់ខ្លួនចោលទៀត បើឃើញនៅជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច ចាត់វិធានការបន្ដតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖ Freshnews