ចិនបង្កើត «មន្ទីរពេទ្យអនឡាញ» ព្រោះការខ្វះខាតផ្នែកសុខាភិបាលនៅតាមទីជនបទ និងការកកស្ទះនៅតាមមន្ទីរពេទ្យ​ក្នុងទីប្រជុំជន

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា មន្ទីរពេទ្យអនឡាញចំនួន១៥៨ត្រូវបានបង្កើតឡើង ដោយសារតែការខ្វះខាតនៃ​មន្ទីរពេទ្យនៅតាមតំបន់ទីជនបទ និងការកកស្ទះនៅតាមមន្ទីរពេទ្យក្នុងទីប្រជុំជន ដូច្នេះហើយទើបជំរុញឲ្យប្រទេសចិន​ងាកទៅរក​ការផ្តល់សេវាសុខាភិបាលតាមប្រព័ន្ធអ៊ីនធើណែតបែបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។

​ថ្លែងក្នុងកិច្ចប្រជំកំពូលលើកទីពីរស្តីពីយុគសម័យឌីជីថលប្រទេសចិន លោក Mao Qun’an ប្រធានគណៈកម្មការជាតិសុខាភិបាល​ចិន បាននិយាយថា ខេត្តចំនួន១៩នៃប្រទេសចិនបានបង្កើតនូវវេទិកាអនឡាញសម្រាប់ផ្តល់សេវាថែទាំងសុខភាព តាមរយៈការ​ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ពោលគឺអ្នកជំងឺនិងក្រុមគ្រូពេទ្យជំនាញអាចពិគ្រោះយោបល់គ្នាក៏ដូចជាធ្វើរោគវិនិច្ឆ័យយ៉ាងងាយ ដោយមិនចាំបាច់ត្រូវ​​​ជួបមុខគ្នាផ្ទាល់ឡើយ។

គួរជម្រាបថា រដ្ឋាភិបាលចិនក៏បានបែងចែងថវិកាចំនួន៦៧០លានយ័ន ដែលស្មើនឹង៩៩លានដុល្លារ ទៅជាមូលនិធិពិសេស ដើម្បី​ជួយក្នុងការបំពាក់បរិក្ខាវេជ្ជសាស្រ្តចាំបាច់ៗបន្ថែម នៅតាមគ្រឹះស្ថានសុខាភិបាល នៃតំបន់ទីជនបទដាច់ស្រយាលនិងក្រីក្រ​ផង​ដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews