ឃាត់ខ្លួនប្រធានក្រុមហ៊ុន ហង្សម្ចាស់ដី និងបក្ខពួក២នាក់ទៀត ដែលរកស៊ីលក់ដីចំការដូងក្រអូបបង់រំលស់ ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋ

(បាត់ដំបង)៖ នគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួន លោក ហង្ស ព្រីន្សយ៉ា ប្រធានក្រុមហ៊ុន ហង្សម្ចាស់ដី និងជាអ្នកដែលគេល្បីឈ្មោះខាងរកស៊ីលក់ចំការធុរ៉េន ចំការដូងក្រអូប ចំការប័រ ចំការក្រូចជាដើម ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋ។

បើតាមរបាយការណ៍របស់នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការឃាត់ខ្លួន លោក ឈី ចរិយា ហៅ ហង្ស ព្រីន្សយ៉ា នេះធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅក្រុងបាត់ដំបង បន្ទាប់ពីមានប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចថា ប្រធានក្រុមហ៊ុន ហ្សងម្ចាស់ដី រូបនេះឆបោកពួកគាត់ ដែលបានទិញដីចំការដូងក្រអូប នៅខេត្តសៀមរាប។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ១៖ ឈ្មោះ ឈី ចរិយា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ២៖ ឈ្មោះ ឈិត រតនា ភេទប្រុស អាយុ៣៧ឆ្នាំ និងទី៣៖ ឈ្មោះ ជី ចិន្តា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅខេត្តបាត់ដំបង៕ ផ្តល់សិទ្ធិដោយ៖ Freshnews