ប្រទេសថៃបានអនុម័តពន្ធថ្មី សម្រាប់យាន្តយន្តណាមានកម្រិតបំភាយសារធាតុពុលខ្ពស់

ពន្ធថ្មីលើការបំភាយសម្រាប់ម៉ូតូត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីបណ្តោះអាសន្នកាលពីម្សិលមិញ។ អត្រាពន្ធនឹងផ្អែកលើទំហំម៉ាស៊ីន និងកម្រិតនៃការបំភាយ ដោយវាជាគោលដៅនៃការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់មួយភាគបួន និងត្រូវដាក់ឱ្យមានប្រសិទ្ធិភាពនៅថ្ងៃទី ១ ខែមករា ឆ្នាំក្រោយ។ គណៈរដ្ឋមន្ត្រីសង្ឃឹមថា ពន្ធនឹងជួយកាត់បន្ថយចំនួនយានយន្តនៅលើផ្លូវ ហើយកាត់បន្ថយការបំពុលបរិស្ថាននៅលើរយៈពេលវែង។ នេះបើយោងតាមលោក Nattaporn Jatusripitak អ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការសេដ្ឋកិច្ចតាមរយៈស្ថានីយទូរទស្សន៍ Workpoint ។

កាលពីឆ្នាំមុនមានតែជាង ៧១ភាគរយ នៃជនជាតិថៃជាង ២១,០០០នាក់ ដែលត្រូវបានអង្កេតដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះ Cint បាននិយាយថា ពួកគេជាម្ចាស់ម៉ូតូ។ ហើយយោងតាមរបាយការណ៍របស់ធនាគារអយុធ្យាបានឱ្យដឹងថា ម៉ូតូថ្មីប្រហែល ២លានគ្រឿង ត្រូវបានលក់ជារៀងរាល់ឆ្នាំ។ រចនាសម្ព័ន្ធពន្ធដែលមានមូលដ្ឋានលើការបំភាយថ្មី ត្រូវបានបែងចែកជា ៥ថ្នាក់ ដោយផ្អែកលើប្រភេទនៃម៉ាស៊ីនរួមទាំង៖ ប្រេងសាំង អេឡិចត្រូនិច និងកូនកាត់ អាស្រ័យទៅលើបរិមាណកាបូនឌីអុកស៊ីតដែលត្រូវបានបញ្ចេញក្នុង ១ គីឡូម៉ែត្រ។

យានយន្តណាដែលបញ្ចេញកាបូនឌីអុកស៊ីតតិចជាង ១០ក្រាម ក្នុងមួយគីឡូម៉ែត្រដូចជា ម៉ូតូអគ្គិសនីនឹងត្រូវវាយតម្លៃត្រឹមតែ ១ ភាគរយប៉ុណ្ណោះ។ ចំនួននេះកើនដល់ ៣ភាគរយ សម្រាប់យានយន្តដែលផលិតកាបូនពី ១០ក្រាម ដល់ ៥០ក្រាម និង ៥ភាគរយ ប្រសិនបើវាផលិតរហូតដល់ ៩០ក្រាម ឬរហូតដល់ ៩ភាគរយ សម្រាប់ ១៣០ក្រាម និងចុងក្រោយ ១៨ភាគរយ សម្រាប់យានយន្តដែលមានការសាយភាយលើសពី ១៣០ក្រាម ក្នុងមួយគីឡូម៉ែត្រ។ លោក Nattaporn បានឱ្យដឹងថា អត្រាថ្មីនេះនឹងអាចបង្កើតប្រាក់ចំណូលពន្ធបន្ថែមចំនួន ២០៩លានបាត (ប្រហែល ២២លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ ប៉ុន្តែថវិកាទាំងនោះនឹងមិនមែនជារបស់រដ្ឋនោះទេ៕

ផ្តល់សិទ្ធិដោយ៖ Khmer Note