ស្ថានីយទូរទស្សន៍មួយរបស់ប្រទេសអាល្លឺម៉ង់ ធ្វើឲ្យប្រជាជនថៃកើតក្តីខឹងសម្បារជាខ្លាំង ក្រោយពីបានធ្វើត្រាប់តាមព្រះរាជពិធីរៀបអភិសេករបស់ព្រះមហាក្សត្រថៃ ដោយចាត់ទុកថាស្មើនឹងការប្រមាថ និងមិនគោរពទ្រង់

កាលពីថ្មីៗនេះ ប្រជាជនថៃហាក់ខឹងសម្បារជាខ្លាំងចំពោះកម្មវិធីទូរទស្សន៍មួយនៃប្រទេសអាល្លឺម៉ង់ ក្រោយពេលដែលពួកគេធ្វើត្រាប់តាមព្រះមហាក្សត្រថៃ នៅក្នុងព្រះរាជពិធីរៀបអភិសេក ដោយធ្វើខ្លួនមិនសមរម្យសើចលេងសប្បាយដែលប្រៀបហាក់បីដូចជាការប្រមាថព្រះជេស្តា។ ក្រោយពេលដែលឃ្លីបវីដេអូនេះបានចែកចាយនៅក្នុងបណ្តាញសង្គមប្រជាជនថៃហាក់កើតក្តីខឹងសម្បារជាខ្លាំង ដោយពួកគេបានប្តឹងទៅកាន់ស្ថានទូតថៃប្រចាំប្រទេសអាល្លឺម៉ង់ដើម្បីចេញមុខជួយដោះស្រាយ។

ក្រោយមកខាងស្ថានទូតថៃប្រចាំប្រទេសអាល្លឺម៉ង់ក៏បានចេញចំណាត់ការដោយចេញលិខិតដើម្បីឲ្យខាងកម្មវិធី Frühstücksfernsehen ចេញមុខសុំទោសមហាជនថៃជាសាធារណៈ ដែលខ្លួនបានធ្វើត្រាប់តាមព្រះមហាក្សត្ស Maha Vajiralongkorn និងមហាក្សត្រត្រីយានី Suthida Vajiralongkorn ដែលស្មើនឹងការប្រមាថ និងមិនគោរពចំពោះព្រះរាជពិធីរៀបអភិសេករបស់ទ្រង់ទាំងពីរ។ ទោះបីជាបែបនេះក្តីសេចក្តីខឹងសម្បាររបស់ប្រជាជនថៃហាក់មិនថមថយចុះនោះឡើយ ព្រោះតែពួកគេមានការខកចិត្តជាខ្លាំងចំពោះប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមួយដែលពួកគេតែងគោរពកោតសរសើរនូវចំណងមិត្តភាពដ៏ល្អប្រសើរ តែបែជាធ្វើរឿងដោយមិនមានការគិតគូប្រមាថទំនៀមទំលាប់ប្រពៃណីរបស់សាសន៍ដទៃទៅវីញ៕ ប្រភព៖ Kapook